យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ជនស៊ីវិលកូរ៉េខាងជើងម្នាក់ បានឆ្លងកាត់ព្រំដែនដីគោកអន្តរកូរ៉េ ដែលត្រូវបានការពារយ៉ាងតឹងរ៉ឹង ក្នុងសប្តាហ៍នេះ ជាវិធានការជាក់ស្តែងមួយ ដើម្បីរត់ភៀសខ្លួនចូលទៅប្រទេសកូរ៉េខាងត្បូង។
មន្ត្រីនៃអគ្គសេនាធិការចម្រុះ (JCS) បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទាហានកូរ៉េខាងត្បូង បានការពារបុរសនោះ កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកំណត់អត្តសញ្ញាណរូបគេ នៅព្រឹកព្រលឹមជុំវិញតំបន់ នៅតាមខ្សែបន្ទាត់ព្រំដែនយោធា (MDL) ភាគខាងលិចនៃតំបន់គ្មានយោធា (DMZ)។
មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បុរសដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ជាជនស៊ីវិល គ្មានអាវុធ និងធ្វើតាមការណែនាំពីទាហានកូរ៉េខាងត្បូង ដែលបានដាក់ពង្រាយ ដែលបាននាំ បុរសនេះ ទៅខាងកូរ៉េខាងត្បូង។
ក្នុងអំឡុងពេលប្រតិបត្តិការប្រហែល ២០ម៉ោង បុរសកូរ៉េខាងជើងរូបនេះ មិនបានធ្វើអ្វីទាំងអស់ គឺនៅ ស្ងៀម នៅថ្ងៃព្រហស្បតិ៍ ដើម្បីជៀសវាងត្រូវគេរកឃើញ ហើយបានចាប់ផ្តើមធ្វើដំណើរ នៅពេលយប់ មុនពេលដែលទាហានកូរ៉េខាងត្បូង បានទាក់ទងជាមួយខ្លួន។
បុរសនេះ ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត។
មន្ត្រីបាននិយាយថា យោធាមិនបានរកឃើញសញ្ញាខុសពីធម្មតាណាមួយនៃសកម្មភាពកងទ័ពកូរ៉េខាងជើងនោះទេ ដោយបន្ថែមថា សកម្មភាពត្រួតពិនិត្យរបស់ទីបញ្ជាការអង្គការសហប្រជាជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់គ្មានយោធា (DMZ) ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះ។
