មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) បាននិយាយវាយប្រហារបែបប្រយោលប៉ុន្តែចំគោលដៅ ទៅលើគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ អនុប្រធានាធិបតីចិន លោក Han Zheng លើកឡើងថា "សង្គ្រាមពន្ធដារ និងពាណិជ្ជកម្ម នឹងពុំមានអ្នកឈ្នះនោះទេ" នៅក្នុងសុន្ទរកថារបស់លោកនៅវេទិកាសន្តិភាពពិភពលោកលើកទី១៣ នៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។

លោកបានបន្ថែមថា ការបន្តរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីគឺជាគន្លឹះសំខាន់ក្នុងការបញ្ចៀសការរំខាននានានៅក្នុងបណ្ដាញផ្គត់ផ្គង់ពិភពលោក។ ការលើកឡើងរបស់អនុប្រធានាធិបតីចិនរូបនេះ បានកើតឡើងនៅពេលដែលថ្ងៃផុតកំណត់ពន្ធទី០៩ ខែកក្កដា ខិតជិតមកដល់ សម្រាប់ប្រទេសនានាក្នុងការបញ្ចប់កិច្ចចរចារពន្ធពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Han បានព្រមានប្រឆាំងនឹងអ្វីដែលលោកហៅថា "ផ្នត់គំនិតអនុត្តរភាពជ្រុលនិយម" ដែលជាឃ្លាប្រើជាធម្មតាដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដើម្បីពិពណ៌នាអំពីសហរដ្ឋអាមេរិក។ លោកបានចាត់ទុកប្រទេសចិន ជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសន្តិភាព ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង។
ជាមួយគ្នានេះ អ្នកការទូតជាន់ខ្ពស់ចិនមួយរូបទៀត លោក Liu Jianchao បានរិះគន់អាមេរិក ចំពោះការចេះតែបង្កជម្លោះ ជាជាងការលើកទឹកចិត្តសន្តិភាព។ លោកបាននិយាយថា ចិននឹងមិនបញ្ចេញភាពចលាចល និងជម្លោះទេ ដោយបន្ថែមថា ប្រវត្តិសាស្រ្តបានប្រាប់ថា មហាអំណាចដែលពឹងផ្អែកលើកម្លាំងយោធាដើម្បីស្វែងរកអនុត្តរភាព នៅទីបំផុតនឹងធ្លាក់ចុះខ្សោយមិនខាន៕

