យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) ថា ខ្លួននឹងបញ្ជូនកងម៉ារីនចំនួន ២០០នាក់ ទៅកាន់រដ្ឋ Florida ដើម្បីផ្តល់ការគាំទ្រផ្នែករដ្ឋបាល និងភស្តុភារដល់ទីភ្នាក់ងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិក ហៅកាត់ថា ICE។ យោធានិយាយថា កងម៉ារីនទាំងនោះគឺជារលកដំបូងនៃការគាំទ្រពីបញ្ជាការខាងជើងរបស់សហរដ្ឋអាមេរិកចំពោះបេសកកម្មរបស់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ ICE។

បញ្ជាការខាងជើង USNORTHCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សមាជិកកងកម្លាំងដែលចូលរួមក្នុងបេសកកម្មនេះ នឹងបំពេញកាតព្វកិច្ចអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនៅក្នុងមូលដ្ឋាន ICE"។ បញ្ជាការបន្តថា តួនាទីរបស់កងម៉ារីននោះនឹងផ្តោតលើការងាររដ្ឋបាល និងផ្នែកដឹកជញ្ជូន ហើយពួកគេត្រូវហាមឃាត់ជាពិសេសមិនឱ្យទាក់ទងដោយផ្ទាល់ជាមួយបុគ្គល នៅក្នុងមន្ទីរឃុំឃាំង ICE ឬការចូលរួមនៅក្នុងទិដ្ឋភាពណាមួយនៃបណ្ដាញឃុំឃាំងនោះទេ។
គួររម្លឹកថា កាលពីខែមុន មន្ទីរបញ្ចកោណបានអនុញ្ញាតឱ្យមានការកៀរគរបុគ្គលិកក្រសួងការពារជាតិរហូតដល់ទៅ ៧០០នាក់ ដើម្បីគាំទ្រ ICE នៅក្នុងរដ្ឋ Florida រដ្ឋ Louisiana និង Texas។ លោកប្រធានាធិបតី Donald Trump ក៏បានដាក់ពង្រាយកងម៉ារីនចំនួន ៧០០នាក់ ទៅកាន់ទីក្រុង Los Angeles ក្នុងខែមិថុនា ដើម្បីការពារភ្នាក់ងារអន្តោប្រវេសន៍ អំឡុងពេលឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់៕

