លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃសុក្រនេះថា លោកមានការខកចិត្តចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយគិតថា លោក ពូទីន នឹងមិនបញ្ឈប់សង្រ្គាម នៅអ៊ុយក្រែននោះទេ។
លោក ត្រាំ ក៏បាននិយាយថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) នៅថ្ងៃសុក្រនេះ។

នាព្រឹកថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានលើកឡើងថា ការទំនាក់ទំនងតាមទូរស័ព្ទទៅកាន់លោក ពូទីន មិនបានធ្វើឲ្យមានការរីកចំរើនអ្វីទាល់តែសោះ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
នៅពេលសួរថាតើលោកបានជិតឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីដែរ ឬយ៉ាងណា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖«ទេ ខ្ញុំមិនទទួលបានការរីកចម្រើន អ្វីទាល់តែសោះជាមួយនឹងលោក ពូទីន» ដោយបន្ថែមថា លោកពិតជាមិនសប្បាយចិត្តចំពោះសង្រ្គាមដែលកំពុងបន្តនេះទេ។
នាពេលមុននេះ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានប្រាប់លោក ត្រាំ ថា ទីក្រុងមូស្គូ នឹងមិន «បោះបង់ចោល»គោលបំណងរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែននោះទេ។
មេដឹកនាំទាំងពីរ បាននិយាយនៅពេលដែលកិច្ចចរចាសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់ជម្លោះ ដែលមានរយៈពេលជាងបីឆ្នាំ នៅអ៊ុយក្រែន បានជាប់គាំង ហើយបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួន ទៅកាន់ទីក្រុងគីវ។
