ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមផ្ញើលិខិតទៅកាន់ដៃគូពាណិជ្ជកម្មនានា នៅថ្ងៃសុក្រ (ទី៤ ខែកក្កដា) នេះ ដោយកំណត់អត្រាពន្ធជាឯកតោភាគី ដែលលោកបានបញ្ជាក់ថា ប្រទេសជាច្រើននឹងត្រូវចាប់ផ្តើមអនុវត្តកាតព្វកិច្ចនេះពីថ្ងៃទី១ ខែសីហា។
លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លិខិតប្រហែល «១០ ឬ ១២ច្បាប់» នឹងផ្ញើចេញនៅថ្ងៃទី៤ ខែកក្កដានេះ ដោយលិខិតផ្សេងទៀតនឹងមាន «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។ ដោយសំដៅទៅលើកាលកំណត់ថ្ងៃទី៩ ខែកក្កដា ដែលលោកបានកំណត់ដំបូង ដើម្បីឲ្យប្រទេសនានាឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសអត្រាពន្ធខ្ពស់ដែលលោកបានគំរាមអនុវត្តនោះ លោកបាននិយាយថា៖ «ខ្ញុំគិតថា នៅថ្ងៃទី៩ ពួកគេនឹងត្រូវឈានដល់កិច្ចព្រមព្រៀង»។ មេដឹកនាំអាមេរិកបានបន្ថែមថា៖ «អត្រាពន្ធនឹងមានកម្រិតខ្ពស់ប្រហែល ៦០ ឬ ៧០ភាគរយ ហើយទាប ១០ និង ២០ភាគរយ»។

ប្រសិនបើត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនោះ កម្រិតនៃចន្លោះនេះនឹងខ្ពស់ជាងអត្រាពន្ធទាំងឡាយដែលលោកប្រធានាធិបតីរូបនេះ បានបង្ហាញពីដំបូង ក្នុងអំឡុងពេលប្រកាសពន្ធ «ថ្ងៃរំដោះ» របស់លោក កាលពីដើមខែមេសា។ ពន្ធទាំងនោះមានចាប់ពីកម្រិតមូលដ្ឋាន ១០ភាគរយលើប្រទេសភាគច្រើន រហូតដល់អតិបរមា ៥០ភាគរយ។
តែយ៉ាងណាក្ដី លោក Trump មិនបានបញ្ជាក់លម្អិតថា តើប្រទេសណាខ្លះនឹងត្រូវបានដាក់ពន្ធកម្រិតថ្មី ឬថា តើវាមានន័យថា ទំនិញខ្លះនឹងត្រូវបង់ពន្ធក្នុងអត្រាខ្ពស់ជាងប្រទេសផ្សេងទៀតដែរ ឬយ៉ាងណានោះទេ។ លោកត្រឹមតែបានប្រាប់ថា ប្រទេសនានានឹង «ចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែសីហា។ ប្រាក់នឹងចាប់ផ្តើមហូរចូលសហរដ្ឋអាមេរិកនៅថ្ងៃទី១ ខែសីហា»៕
