សេចក្ដីស្នើច្បាប់ពន្ធ និងការចំណាយដ៏ធំរបស់លោកប្រធានាធិបតី Donald Trump លៃទុក ៨,៦ពាន់លានដុល្លារ ដើម្បីបង្កើនកងនាវាបំបែកទឹកកករបស់ឆ្មាំល្បាតឆ្នេរអាមេរិក នៅតំបន់អាក់ទិក ជាកន្លែងដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា អាចទប់ទល់នឹងការកើនឡើងនូវការគ្រប់គ្រងរបស់រុស្ស៊ី និងចិន។
មូលនិធិនេះ រួមមាន ៤,៣ពាន់លានដុល្លារ សម្រាប់នាវាបំបែកទឹកកកសន្តិសុខប៉ូលរបស់ឆ្មាំល្បាតឆ្នេរធុនធ្ងន់ថ្មីចំនួន ៣គ្រឿង ៣,៥ពាន់លានដុល្លារ សម្រាប់នាវាបែបទឹកកកតំបន់អាក់ទិកធុនមធ្យម និង ៨១៦លានដុល្លារ សម្រាប់លទ្ធកម្មនាវាបំបែកទឹកកកធុនស្រាល និងមធ្យមបន្ថែម។

គួរបញ្ជាក់ថា ឆ្មាំល្បាតឆ្នេរ បានស្វែងរកនាវាបំបែកទឹកកកដែលត្រៀមរួចជាស្រេចពី ៨ ទៅ ៩គ្រឿង នៅតំបន់អាក់ទិក។ កងនាវាបច្ចុប្បន្នរបស់អង្គភាពនេះ មានតែ ៣គ្រឿងប៉ុណ្ណោះ។
លោក Trump បាននិងកំពុងជំរុញឲ្យមានការស្តារឡើងវិញនូវការផលិតនាវារបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងនូវឥទ្ធិពលរបស់ចិន លើផ្នែកការផលិតនាវាចរណ៍ និងការគ្រប់ដណ្ដប់ផ្នែកកងទ័ពជើងទឹក។ នៅដើមឆ្នាំនេះ លោកបានបង្ហាញផែនការដាច់ដោយឡែកពីគ្នា ក្នុងការដំឡើងថ្លៃ និងពន្ធ ចំពោះនាវារបស់ចិន និងឧបករណ៍កំពង់ផែ ក្នុងនោះមានរួមទាំងរថយន្តស្ទូចពីនាវាទៅច្រាំង ដើម្បីជំរុញកិច្ចប្រឹងប្រែងនោះ៕
