រដ្ឋាភិបាលចិន មានបំណងលុបចោលផ្នែកនៃកិច្ចប្រជុំកំពូលជាមួយមេដឹកនាំសហភាពអឺរ៉ុប (EU) ដែលគ្រោងធ្វើនៅចុងខែកក្កដា ជាសញ្ញាចុងក្រោយដែលបង្ហាញពីការមានភាពតានតឹង រវាងទីក្រុងប៊្រុចសែល និងទីក្រុងប៉េកាំង។
ដោយសុំមិនបញ្ចេញឈ្មោះ បុគ្គលដែលដឹងអំពីផែនការនេះ បានឲ្យដឹងថា នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ នៅប្រទេសចិន ត្រូវបានគ្រោងលុបចោលតាមការស្នើរបស់ទីក្រុងប៉េកាំង។ បុគ្គលម្នាក់បាននិយាយថា ផែនការទាំងនោះអាចមានការប្រែប្រួលនៅពេលដែលវាត្រូវបានបញ្ចប់សព្វគ្រប់។
គួរបញ្ជាក់ថា ដើមឡើយ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa មានគម្រោងជួបជាមួយប្រធានាធិបតី លោក Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang នៅទីក្រុងប៉េកាំង នាថ្ងៃទី២៤ ខែកក្កដា ហើយបន្ទាប់មកធ្វើដំណើរទៅទីក្រុង Hefei ភាគកណ្តាលប្រទេសចិន នៅថ្ងៃទី២៥ ខែកក្កដា សម្រាប់កិច្ចប្រជុំកំពូលពាណិជ្ជកម្ម។ កិច្ចប្រជុំនេះនឹងមានតែមួយថ្ងៃប៉ុណ្ណោះ នៅទីក្រុងប៉េកាំង។

លោក Xi កំពុងព្យាយាមបង្ហាញថា រូបលោកគឺជាដៃគូដែលអាចទុកចិត្តបានជាងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកំពុងធ្វើឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឃ្លាតឆ្ងាយ ដោយសារបញ្ហាជាច្រើន រាប់ពីពន្ធគយ រហូតដល់ផ្នែកការពារជាតិ។ ប៉ុន្តែទំនាក់ទំនង រវាងទីក្រុងប៊្រុចសែល និងប៉េកាំង ក៏កាន់តែមានភាពអាប់អួខ្លាំងឡើងដែរ ដោយសារការខ្វែងគំនិតគ្នាជាយូរមកហើយ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងគោលនយោបាយឧស្សាហកម្មរបស់ចិន។
ភាពតានតឹងមានសភាពកាន់តែធ្ងន់ធ្ងរ ដោយសារទំនាក់ទំនងពាណិជ្ជកម្មមិនមានតុល្យភាពកាន់តែកើនឡើង ដែលរួមផ្សំឡើងដោយការគ្រប់គ្រងការនាំចេញថ្មីៗរបស់ប្រទេសចិន ចំពោះធនធានមេដែកកម្រ ជាអ្វីដែល EU លើកឡើងថា បានប៉ះពាល់ឧស្សាហកម្មខ្លួន៕
