មូលនិធិអាកាសធាតុពហុភាគីដ៏ធំបំផុតរបស់ពិភពលោក បានឲ្យដឹងថា ខ្លួននឹងធ្វើការបណ្តាក់ទុនជាបន្តបន្ទាប់ដ៏ធំបំផុតមិនធ្លាប់មាន និងពន្លឿនដល់ការធ្វើកិច្ចព្រមព្រៀង ខណៈដែលស្ថាប័ននេះសម្លឹងដល់ការជួយប្រទេសក្រីក្រ ដើម្បីឆ្លើយតបទៅនឹងការឡើងកម្ដៅផែនដី។
មូលនិធិអាកាសធាតុបៃតង (GCF) គ្រោងនឹងបញ្ចេញទឹកប្រាក់ប្រហែល ១,២ពាន់លានដុល្លារ សម្រាប់គម្រោងចំនួន ១៧ ដែលភាគច្រើននៅអាស៊ី និងអាហ្រ្វិក បន្ទាប់ពីមានការអនុម័តដោយប្រទេសសមាជិក ក្នុងនោះមានរួមទាំងសហរដ្ឋអាមេរិកផងដែរ អំឡុងកិច្ចប្រជុំ នៅសប្តាហ៍នេះ ដោយការសម្រេចនេះកើតឡើងស្របពេលមានការបែកបាក់នយោបាយដែលបានមើលឃើញថា ជំនួយអភិវឌ្ឍន៍ត្រូវបានកាត់បន្ថយ។

អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) បានឲ្យដឹងក្នុងរបាយការណ៍ខែមិថុនាថា ជំនួយអភិវឌ្ឍន៍ផ្លូវការ អាចធ្លាក់ចុះ ១៧ភាគរយនៅឆ្នាំនេះ បន្ទាប់ពីថយចុះ ៩ភាគរយ នៅឆ្នាំ២០២៤ ដែលបង្កឡើងដោយការកាត់បន្ថយជំនួយយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក ពោលជាការសម្រចរបស់លោកប្រធានាធិបតី Donald Trump។
សហប្រធាន GCF លោក Seyni Nafo បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលដែលសកម្មភាពអាកាសធាតុសមូហភាព គឺមានភាពចាំបាច់ជាងពេលណាៗទាំងអស់ GCF កំពុងបោះជំហានឆ្ពោះទៅមុខ ដើម្បីបំពេញកិច្ចការរបស់ខ្លួន»។
ការផ្តល់របស់ GCF រួមមាន ២២៧លានដុល្លារ សម្រាប់ការផ្តួចផ្តើមពង្រីកទីផ្សារមូលបត្របំណុលបៃតង នៅក្នុង ១០ប្រទេស។ ទីផ្សារមូលបត្របំណុលបៃតង គឺជាកន្លែងដែលក្រុមហ៊ុនទទួលបានដើមទុនទៅវិនិយោគគម្រោងដែលកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ឬផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន៕
