នៅពេលដែលតំណាងសង្គមស៊ីវិលជាង ១.០០០នាក់ បានធ្វើដំណើរទៅទីក្រុង Seville ប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ (UN) ស្តីពីការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ការរំពឹងទុករបស់ពួកគេមានកម្រិតទាបរួចស្រេចទៅហើយ ប៉ុន្តែព្រឹត្តិការណ៍រយៈពេល ៤ថ្ងៃនេះ បានធ្វើឲ្យមនុស្សជាច្រើនខកចិត្ត និងមានអារម្មណ៍ថា សំឡេងរបស់ពួកគេត្រូវបានធ្វើមិនដឹងមិនឮ។
កិច្ចប្រជុំកំពូលដែលកើតមានរៀងរាល់ ១០ឆ្នាំម្ដងនេះ បានសន្យាថា នឹងប្រមែប្រមូលធនធានដែលអាចបង្រួមគម្លាតហិរញ្ញប្បទានដែលត្រូវការចំនួន ៤,៣សែនកោដិលានដុល្លារ ដើម្បីជួយឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជម្នះលើវិបត្តិបំណុលដែលកំពុងកើនឡើង ការបំផ្លិចបំផ្លាញដោយសារការប្រែប្រួលអាកាសធាតុ ឬវិសមភាពរចនាសម្ព័ន្ធ ក្នុងចំណោមឧបសគ្គផ្សេងៗទៀត។

តែរដ្ឋាភិបាលដែលមានជាងគេបំផុតរបស់ពិភពលោក បាននិងកំពុងកាត់បន្ថយជំនួយ និងការផ្តល់ប្រាក់កម្ចីទ្វេភាគី ខណៈពេលដែលងាកទៅបង្កើនការចំណាយលើវិស័យការពារជាតិ នៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង ដោយបង្កើតបានជាការសង្ស័យថា តើសុទិដ្ឋិនិយមដែលត្រូវបានបង្ហាញយ៉ាងប្រុងប្រយ័ត្នដោយមន្ត្រីចូលរួមភាគច្រើន អាចកើតឡើងបានទេ។
អង្គការសង្គមស៊ីវិលជាច្រើន បានរិះគន់ចំពោះវិធានការដែលត្រូវបានបង្ហាញនៅក្នុងឯកសារចុងក្រោយឈ្មោះ «Seville Commitment» ដោយពួកគេបានលើកឡើងថា ត្រូវបានធ្វើឲ្យមិនសូវមានប្រសិទ្ធភាពដោយសារប្រទេសអ្នកមានដែលមិនចង់ធ្វើតាមអ្វីដែលខ្លួនបាននិយាយ។ អង្គការផ្សេងទៀតបានរិះគន់យ៉ាងខ្លាំងៗនូវអ្វីដែលពួកគេបានពិពណ៌នាថា ជាវិធីសាស្រ្តអំណោយផលដល់វិស័យឯកជន សម្រាប់កម្មវិធីអភិវឌ្ឍន៍។
អគ្គលេខាធិការអង្គការ ActionAid លោក Arthur Larok បាននិយាយថា បណ្តាប្រទេស Global South (ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង) កំពុង «វិលត្រលប់ទៅវិញដោយដៃទទេ» ខណៈដែលរដ្ឋាភិបាល Global North បានគេចចេញ «ពីការទទួលខុសត្រូវ»៕
