កងទ័ពអាកាសនិយាយថា ការប្រកាសអាសន្នវាយឆ្មក់តាមផ្លូវអាកាសរបស់អ៊ុយក្រែន បានបន្លឺឡើងរយៈពេលជាង ៨ម៉ោងកាលពីយប់កន្លងទៅ ពេលដែលរុស្ស៊ី បើកការវាយប្រហារយានដ្រូន ៥៣៩គ្រឿង និងមីស៊ីល ១១គ្រាប់ នៅក្នុងរលកវាយប្រហារទ្រង់ទ្រាយធំលើតំបន់ជាច្រើនរបស់អ៊ុយក្រែន នៅកាលពីយប់កន្លងទៅ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅទីក្រុងគីវ បានព្យាយាមពន្លត់អគ្គិភ័យ ក្រោយរុស្ស៊ីបើកការវាយប្រហារដោយយានដ្រូនពេញមួយយប់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៣នាក់ រងរបួស ។ ក្រុមជួយសង្គ្រោះបានពន្លត់អគ្គិភ័យនៅលើដំបូលអគារច្រើនជាន់ និងយានដ្ឋានឯកជនចំនួន៧ កន្លែង ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង និងរថយន្ត រងការខូចខាតផងដែរ ។

ការវាយប្រហារនៅថ្ងៃសុក្រនេះ គឺជាការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ចុងក្រោយរបស់រុស្ស៊ីទៅលើទីក្រុងគីវ ខណៈដែលការវាយប្រហាររបស់ពួកគេកាន់តែខ្លាំងឡើង ក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មនុស្ស ១៤នាក់ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ខណៈពេលនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ ពុំមានវឌ្ឍនភាពទាល់តែសោះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈវិមានក្រឹមឡាំង បានបញ្ជាក់ជាថ្មីថា ទីក្រុងម៉ូស្គូនឹងបន្តជំរុញការដោះស្រាយមូលហេតុឫសគល់នៃជម្លោះ ៕
