នៅថ្ងៃសុក្រនេះ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនលើស្រាវីស្គីដែលមានប្រភពនៅសហភាពអឺរ៉ុប ជាមួយនឹងការដំឡើងពន្ធរហូតដល់ ៣៤,៩ភាគរយ សម្រាប់រយៈពេល ៥ឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥នេះតទៅ ។
យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួនដែលបានប្តេជ្ញាចិត្តចំពោះតម្លៃអតិបរមា រួមទាំងក្រុមហ៊ុន Martell & Co ដែលជាម្ចាស់ស្រា Pernod Ricard និងក្រុមហ៊ុន Remy Martin ជាម្ចាស់ស្រា Remy Cointreu នឹងរួចផុតពីអត្រាពន្ធខ្ពស់ជាងមុន លុះត្រាតែការប្តេជ្ញាចិត្តទាំងនោះ ត្រូវបានបំពាន ។

ការសម្រេចនេះ បានកើតមានឡើង បន្ទាប់ពីការស៊ើបអង្កេតលើស្រាវីស្គីអឺរ៉ុប ភាគច្រើនគឺស្រាកូញាក់មកពីបារាំង ដែលត្រូវបានធ្វើឡើងលើកដំបូងកាលពីឆ្នាំមុន ។
ក្រុមហ៊ុនផលិតស្រាកូញាក់បារាំងបានត្អូញត្អែរថា ពួកគេរងផលប៉ះពាល់ពាក់ព័ន្ធ នៅក្នុងជម្លោះពាណិជ្ជកម្មរវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំង ជុំវិញពន្ធនាំចូលដែលដាក់លើក្រុមហ៊ុនរថយន្តអគ្គិសនីផលិតនៅចិន ។
ចិនបានអនុវត្តការដំឡើងពន្ធលើស្រាកូញាក់ បន្ទាប់ពីការស៊ើបអង្កេតដំបូងកាលពីឆ្នាំមុនចំពោះការនាំចូលស្រាវីស្គី ក្រោយសហភាពអឺរ៉ុប ចោទប្រកាន់ទីក្រុងប៉េកាំងពីការផ្តល់ឲ្យឧស្សាហកម្មរថយន្តរបស់ខ្លួននូវឧបត្ថម្ភធនមិនយុត្តិធម៌ ហើយនិងដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីផលិតនៅចិន ៕
