នគរបាលបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរពីប្រទេសដាណឺម៉ាកទៅអូទ្រីស បានរអិលចេញពីផ្លូវមួយនៅភាគខាងជើងប្រទេសអាល្លឺម៉ង់ ហើយបានក្រឡាប់ នៅថ្ងៃសុក្រ (ទី៤ ខែកក្កដា) ដោយបានបណ្តាលឲ្យមនុស្សជាង ២០នាក់រងរបួស ក្នុងនោះមានម្នាក់ធ្ងន់ធ្ងរ។
នគរបាលបានប្រាប់ថា រថយន្តក្រុងដែលដំណើរការដោយក្រុមហ៊ុន Flixbus បានរេចេញពីផ្លូវហាយវេ Autobahn នៅមុនថ្ងៃរះ ពេលប្តូរផ្លូវឆ្ពោះទៅទីក្រុង Röbel ចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុងប៊ែរឡាំង។ មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

យោងតាមក្រុមហ៊ុន Flixbus បានឲ្យដឹងថា មនុស្ស ២៣នាក់ បានរងរបួសនៅលរថយន្តក្រុងដែលមានអ្នកដំណើរ ៥៣នាក់ និងអ្នកបើកបរ ២នាក់ ពីទីក្រុង Copenhagen ទៅ Vienna។ ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេលប្រហែលជា ២ម៉ោង ដើម្បីទាញជនរងគ្រោះដែលរងរបួសធ្ងន់។
សេវាសង្គ្រោះបន្ទាន់ កងពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រជួយសង្គ្រោះ បានឆ្លើយតបចំពោះហេតុការណ៍នេះ។ អាជ្ញាធរបានបិទផ្លូវពេញមួយព្រឹកថ្ងៃសុក្រនេះ។ ក្រុមហ៊ុន Flixbus បានបង្ហាញ «ការសោកស្ដាយយ៉ាងខ្លាំង» ដែលរថយន្តក្រុងបានជួបរឿងអកុសលនេះ ហើយបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរ ដើម្បីកំណត់ពីមូលហេតុនៃឧបទ្ទវហេតុនេះ៕
