សេវាសារព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បានរាយការណ៍បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ប្រមុខការទូតជាមួយសមភាគីស៊ីរីលោក Asaad Hassan al-Shaibani ថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងបន្ធូរបន្ថយទណ្ឌកម្មបន្ថែមទៀតលើប្រទេស ស៊ីរី។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស បានពិភាក្សាអំពីការដកផ្នែកសំខាន់មួយនៃទណ្ឌកម្មរបស់អាមេរិកលើប្រទេសស៊ីរី។ ក្រសួងការបរទេស បាននិយាយថា៖លោក Rubio បានបញ្ជាក់ថា លោកនឹងពិចារណាលើជំហានបន្ថែមទៀត ដើម្បីពិនិត្យមើលឡើងវិញនូវការកំណត់អត្តសញ្ញាណភេរវករក្នុងស្រុក និងអង្គការសហប្រជាជាតិទាក់ទងនឹងស៊ីរី»។ ក្នុងពេលជាមួយគ្នានេះដែរ ប្រមុខការទូតអាមេរិករូបនេះ បានកត់សម្គាល់ឃើញថា ទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាដកទណ្ឌកម្មប្រឆាំងនឹងអតីតប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ( Bashar al-Assad) និងសហការីរបស់លោកឡើយ។
កាលពីថ្ងៃទី 0១ ខែកក្កដា លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយដកទណ្ឌកម្មប្រឆាំងស៊ីរី។ ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តនេះមិនអនុវត្តចំពោះលោក អាសាដ និងសហការីរបស់លោកទេ។ ក្រសួងការបរទេសក៏ត្រូវបានណែនាំឲ្យ ពិចារណាដកស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់សហរដ្ឋអាមេរិក និងពិនិត្យមើលថាតើត្រូវរក្សាទុកក្រុម Hay'at Tahrir al-Sham នៅក្នុងបញ្ជីអង្គការភេរវកម្មដែរឬយ៉ាងណា។
