ក្រុមជីវពលហាម៉ាស និយាយថា ពួកគេកំពុងពិគ្រោះយោបល់ជាមួយកងកម្លាំងប៉ាឡេស្ទីន ស្តីពីសំណើបទឈប់បាញ់ចុងក្រោយសម្រាប់តំបន់ហ្កាហ្សា ស្របពេលការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលលើដែនដីបិទច្រកមួយនេះ ចូលដល់ខែទី ២២ ។
ក្រុមហាម៉ាសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា ពួកគេបានចូលរួមពិភាក្សាជាមួយក្រុមមេដឹកនាំកងកម្លាំងប៉ាឡេស្ទីន ជុំវិញសំណើពួកគេទទួលបានពីប្រទេសសម្របសម្រួល ។
ពួកគេបន្តថា លទ្ធផលនឹងដាក់ការសម្រេចចិត្តចុងក្រោយដល់ក្រុមអ្នកសម្របសម្រួល ក្រោយការបញ្ចប់ការពិគ្រោះយោបល់ ហើយនិងត្រូវប្រកាសជាផ្លូវការ ។

ប្រភពនៅស្និតនឹងក្រុមហាម៉ាស បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមមួយនេះ ស្វែងរកការធានាថា សំណើបទឈប់បាញ់ថ្មីគាំទ្រដោយសហរដ្ឋអាមេរិក នឹងនាំឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងមិនអនុញ្ញាតឲ្យបំពានបទឈប់បាញ់នោះទេ ឬចាប់ផ្តើមការវាយប្រហារណាមួយ នៅពេលណាដែលពួកគេជ្រើសរើស ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលគ្រោងនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃចន្ទខាងមុខនេះ និយាយថា លោករំពឹងថានឹងទទួលបានការឆ្លើយតបពីក្រុមហាម៉ាសក្នុងពេលដ៏ខ្លីខាងមុខនេះ ថាតើពួកគេព្រមទទួលយកអ្វីដែលោកចាត់ទុកថាជាសំណើផ្តាច់ព្រ័ត្រសម្រាប់បទឈប់បាញ់ឬយ៉ាងណា ៕
