អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៤ ខែកក្កដា) នេះ បានរិះគន់ផែនការរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការនិរទេសឧក្រិដ្ឋជនទៅអាហ្វហ្គានីស្ថាន ដោយការបង្ហាញពីការមិនស្របនេះកើតមានមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់ថា លោកនឹងស្វែងរកទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមតាលីបង់ ពាក់ព័ន្ធនឹងបញ្ហានេះ។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់បានបញ្ឈប់ការនិរទេស បន្ទាប់ពីក្រុមតាលីបង់វិលមកកាន់អំណាចវិញ នៅឆ្នាំ២០២១ ប៉ុន្តែការកើនឡើងនូវអ្នកនយោបាយស្តាំនិយមជ្រុល និងប្រឆាំងជនអន្តោប្រវេសន៍ បានមើលឃើញថា បញ្ហានេះបានក្លាយជារបៀបវារៈដ៏សំខាន់។

ហើយកាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) រដ្ឋមន្ត្រីមហាផ្ទៃ លោក Alexander Dobrindt បានប្រាប់ថា លោកចង់ឲ្យប្រទេសអាល្លឺម៉ង់ «ធ្វើកិច្ចព្រមព្រៀងដោយផ្ទាល់ជាមួយអាហ្វហ្គានីស្ថាន ដើម្បីអនុញ្ញាតឲ្យមានការនិរទេស»។
ប៉ុន្តែលោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់ UN បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា វាមិនត្រឹមត្រូវទេ ក្នុងការបញ្ជូនមនុស្សទៅអាហ្វហ្គានីស្ថានវិញ។ លោកស្រីបានបញ្ជាក់ថា៖ «យើងបាននិងកំពុងចងក្រងឯកសារ ពាក់ព័ន្ធនឹងការបន្តការរំលោភសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន រួមទាំងការបំបាត់សិទ្ធិស្ត្រី និងការប្រហារជីវិតផងដែរ»។
ចំណែកលោក Arafat Jamal នៃទីភ្នាក់ងារជនភៀសខ្លួនរបស់ UN (UNHCR) នៅទីក្រុងកាប៊ុល បាននិយាយថា អង្គការរបស់លោក នៅតែគោរពតាម «ការផ្ដល់ប្រឹក្សាមិនបញ្ជូនត្រលប់» សម្រាប់អាហ្វហ្គានីស្ថាន៕
