នគរបាលនិយាយថា អគារកម្ពស់ ៥ជាន់បានបាក់នៅទីក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ៥នាក់ និងមនុស្សជាច្រើនាក់ផ្សេងទៀត រងរបួស ស្របពេលដែលក្រុមជួយសង្រ្គោះ រុករកតាមគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះជាប់ខ្លួន ។
ឧបទ្ទេវហេតុនេះ បានកើតឡើងក្រោយវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ នៅសង្កាត់ក្រីក្រ Lyari ស្ថិតក្នុងទីក្រុងការ៉ាឈី ដែលធ្លាប់ញាំញីដោយអំពើហឹងក្សាក្រុមជនអន្ធពាល ហើយនិងត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមតំបន់គ្រោះថ្នាក់បំផុតនៅប្រទេសប៉ាគីស្ថាន ។

លោក Shankar Kamho វ័យ ៣០ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងអគារនេះ និយាយថា មានមនុស្សប្រហែល ២០គ្រួសាររស់នៅទីនេះ ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា លោកទទួលបានការហៅទូរស័ព្ទពីភរិយារបស់លោកថា អគារបានប្រេះ ហើយលោកបានប្រាប់ភរិយាឲ្យចេញពីទីនោះយ៉ាងបន្ទាន់ ។
ចំណែកឯលោក Saad Edhiគឺជាប្រធានមូលនិធិ Edhi និយាយថា កាលពីមុនអគារមួយនេះ ត្រូវបានប្រកាសថាមិនអាចរស់នៅបាននោះទេដោយក្រុមអាជ្ញាធររដ្ឋាភិបាល ហើយសេចក្តីជូនដំណឹងត្រូវបានចញក្រោមអាជ្ញាធរគ្រប់គ្រងអគារ Sindh ។
បើទោះបីជាមានការព្រមានយ៉ាងណាក្តី គ្រួសារមួយចំនួននៅតែបន្តរស់នៅក្នុងអគារមួយនេះ ដែលបច្ចុប្បន្នបានបាក់ទាំងស្រុង ៕
