ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៤ ខែកក្កដា) នេះ បានឲ្យដឹងថា ខ្លួនបានកត់ត្រាការសម្លាប់យ៉ាងហោចណាស់ចំនួន ៦១៣នាក់ ទាំងនៅទីតាំងជំនួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល ក៏ដូចជានៅក្បែរក្បួនរថយន្តមនុស្សធម៌គ្រប់គ្រងដោយក្រុមសង្គ្រោះផ្សេងទៀត ក្នុងនោះរួមទាំងពី UN ផងដែរ។
GHF ប្រើប្រាស់ក្រុមហ៊ុនសន្តិសុខ និងភស្តុភារឯកជនរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យការផ្គត់ផ្គង់ចូលទៅកាន់តំបន់ហ្កាហ្សា ដោយភាគច្រើនរំលងប្រព័ន្ធដឹកនាំដោយ UN ដែលអ៊ីស្រាអែលនិយាយថា បានអនុញ្ញាតឲ្យពួកសកម្មប្រយុទ្ធបង្វែរជំនួយទៅប្រើប្រាស់មិនត្រឹមត្រូវ។ UN បានចាត់ទុកផែនការនេះថា «គ្មានសុវត្ថិភាព» និងជាការរំលោភលើច្បាប់មិនលម្អៀងផ្នែកមនុស្សធម៌។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «យើងបានកត់ត្រាការសម្លាប់ចំនួន ៦១៣នាក់ ទាំងនៅទីតាំងរបស់ GHF និងនៅក្បែរក្បួនរថយន្តមនុស្សធម៌។ នេះគឺជាតួលេខ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា។ ចាប់តាំងពីពេលនោះមក មានហេតុការណ៍វបែបនេះកោះតឡើងបន្ថែមទៀត»។
GHF បានចាប់ផ្តើមចែកចាយកញ្ចប់អាហារ នៅតំបន់ហ្កាហ្សា កាលពីចុងខែឧសភា ហើយបានបដិសេធម្តងហើយម្តងទៀតថា ហេតុការណ៍មិនបានកើតឡើងនៅកន្លែងរបស់ខ្លួនឡើយ។ តែ OHCHR បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ ៦១៣នាក់ ៥០៩នាក់ ត្រូវបានសម្លាប់នៅក្បែរទីតាំងចែកចាយរបស់ GHF៕
OHCHR បានបញ្ជាក់ថា តួលេខរបស់ខ្លួន គឺផ្អែកលើប្រភពជាច្រើន ដូចជាព័ត៌មានពីមន្ទីរពេទ្យ កន្លែងបញ្ចុះសព ក្រុមគ្រួសារ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន អង្គការក្រៅរដ្ឋាភិបាល និងដៃគូរបស់ខ្លួននៅលើដី៕