វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៤ ខែកក្កដា) នេះ បានឲ្យដឹងថា រុស្ស៊ីតាមដានយ៉ាងដិតដល់នូវរាល់សេចក្តីថ្លែងការណ៍របស់លោក Donald Trump បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការសន្ទនាចុងក្រោយរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីសង្គ្រាមនៅអ៊ុយក្រែន។
លោក Trump ដែលបាននិយាយដោយទំនុកចិត្តកាលពីសប្តាហ៍មុនថា លោក Putin កំពុង «មានបំណងដោះស្រាយ» ជម្លោះនោះ បាននិយាយបន្ទាប់ពីបានជជែកតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនគិតថា មេដឹកនាំរុស្ស៊ីកំពុងប្រឹងប្រែងបញ្ឈប់វា (សង្គ្រាម) ទេ។
នៅពេលត្រូវបានសួរ អំពីការអត្ថាធិប្បាយនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ យើងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនូវរាល់សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Trump»។ តែលោកមិនបាននិយាយពីការរិះគន់ដោយប្រយោលរបស់លោក Trump ចំពោះលោក Putin នោះឡើយ។
លោក Trump ដែលបានវិលទៅកាន់សេតវិមានវិញ ក្នុងខែមករា ជាមួយនឹងការសន្យាថា នឹងបញ្ចប់ «ការបង្ហូរឈាម» យ៉ាងឆាប់រហ័ស នៅអ៊ុយក្រែន បាននិយាយបន្ទាប់ពីការជជែកតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំមិនទទួលបានវឌ្ឍនភាពអ្វីសោះពីគាត់ (លោក Putin)»៕