រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al-Saud នៅថ្ងៃសុក្រ (ទី៤ ខែកក្កដា) បានមានបន្ទូលថា អាទិភាពបច្ចុប្បន្នរបស់ព្រះរាជាណាចក្រមួយនេះ គឺបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្កហ្សា នៅពេលដែលត្រូវបានសួរ អំពីលទ្ធភាពនៃការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល។
ព្រះអង្គកំពុងមានបន្ទូល អំឡុងដំណើរទស្សនកិច្ច នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ នៅឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតអង្គនេះ បានបញ្ជាក់ថា មិនអាចមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះឡើយ បើគ្មានការដោះស្រាយបញ្ហាប៉ាឡេស្ទីន។
ព្រះអង្គបានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងកំពុងមើលឃើញ គឺអ៊ីស្រាអែលកំពុងវាយកម្ទេចតំបន់ហ្កាហ្សា ពោលគឺប្រជាជនស៊ីវិល នៅហ្កាហ្សា។ នេះគឺជាការមិនមានភាពចាំបាច់ទាល់តែសោះ មិនអាចទទួលយកបានទាំងស្រុង ហើយត្រូវតែបញ្ឈប់»។
ក្រសួងសុខាភិបាល ក្នុងតំបន់ហ្កាហ្សា ឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនជាង ៥៧.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលមកលើតំបន់នេះ ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល ពីសំណាក់ក្រុមឥស្លាមនិយមហាម៉ាសប៉ាឡេស្ទីន៕