នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បាននិយាយថា ទីក្រុងដាម៉ាស មានឆន្ទៈក្នុងការសហការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងដកកងកម្លាំងឆ្នាំ១៩៧៤ ជាមួយអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមានការជជែកតាមទូរសព្ទជាមួយសមភាគីអាមេរិក លោក Marco Rubio លោក Shaibani បានប្រាប់ថា លោកបានបង្ហាញពី «គោលបំណងរបស់ប្រទេសស៊ីរី ក្នុងការសហការជាមួយសហរដ្ឋអាមេរិក ដើម្បីវិលត្រលប់ទៅកិច្ចព្រមព្រៀងដកកម្លាំងឆ្នាំ១៩៧៤»។ ស៊ីរី និងអ៊ីស្រាអែល តាមលក្ខណៈបច្ចេកទេស បានស្ថិតក្នុងស្ថានភាពមានសង្គ្រាមតាំងពីឆ្នាំ១៩៤៨ មក។
ការដណ្តើមកាន់កាប់តំបន់ទ្រនាប់របស់អ៊ីស្រាអែល នៅតាមព្រំដែនស៊ីរី បន្ទាប់ពីការដួលរលំនៃរបបរបស់លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន ត្រូវបានអង្គការសហប្រជាជាតិ (UN) ចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ១៩៧៤។
អ៊ីស្រាអែលប្រាប់ថា កិច្ចព្រមព្រៀងបានដួលរលំហើយ ដោយសារភាគីម្ខាងលែងស្ថិតក្នុងទីតាំង ដើម្បីអនុវត្តវា ហើយថា ការកាន់កាប់នេះ គឺជាវិធានការការពារ ដើម្បីការពារប្រទេសពីកងកម្លាំងអរិភាពដែលអាចទាញយកប្រយោជន៍ពីតំបន់មិនមានការគ្រប់គ្រងនេះ៕