រដ្ឋមន្ត្រីការពារជាតិ និងជាប្រមុខចារកម្មយោធា នៅប្រទេសហូឡង់ បានប្រាប់សារព័ត៌មាន Reuters ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ហូឡង់ បានប្រមូលភស្តុតាងពីការរីករាលដាលនៃការប្រើប្រាស់អាវុធគីមីរបស់រុស្ស៊ីយ៉ាងទូលំទូលាយ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមទាំងការទម្លាក់សារធាតុគីមីពីយានដ្រូនដើម្បីឲ្យទាហានរត់ចេញពីលេណដ្ឋាន ហើយអាចត្រូវបានបាញ់ប្រហារ។
រដ្ឋមន្ត្រីការពារជាតិ លោក Ruben Brekelmans បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ចំពោះទីក្រុងមូស្គូ។ លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា៖ «ការសន្និដ្ឋានសំខាន់ គឺថា យើងអាចបញ្ជាក់បានថា រុស្ស៊ីកំពុងបង្កើនការប្រើប្រាស់អាវុធគីមីរបស់ខ្លួន»។
លោក Brekelmans បាននិយាយថា៖ «ការបង្កើននូវការប្រើប្រាស់នេះ គឺគួរឲ្យព្រួយបារម្ភណាស់ ព្រោះឥឡូវនេះវាជាផ្នែកនៃនិន្នាការ ដែលយើងបាននិងកំពុងសង្កេតឃើញអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺការប្រើប្រាស់អាវុធគីមីរបស់រុស្ស៊ី ក្នុងសង្រ្គាមនេះ កាន់តែមានលក្ខណៈធម្មតា មានលក្ខណៈស្តង់ដារ និងរីករាលដាលគ្រប់ទិសទី»។
ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាហូឡង់ (MIVD) លោក Peter Reesink បាននិយាយថា៖ ការសន្និដ្ឋាន បានធ្វើឡើងតាមការស៊ើបការណ៍ឯករាជ្យរបស់យើង។ យើងបានសង្កេតឃើញដោយខ្លួនឯង ដោយផ្អែកលើការស៊ើបអង្កេតរបស់យើងផ្ទាល់ខ្លួន»។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ អំពីការប្រើប្រាស់សារធាតុគីមីហាមឃាត់ ដោយភាគីណាមួយឡើយ នៅក្នុងសង្គ្រាមអ៊ុយក្រែននេះ។
អ៊ុយក្រែនចោទប្រកាន់រាប់ពាន់ករណីនៃការប្រើអាវុធគីមីរបស់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងនេះ។ រុស្ស៊ីបានបដិសេធមិនបានប្រើប្រាស់អាវុធខុសច្បាប់ ហើយបានចោទអ៊ុយក្រែនថា កំពុងធ្វើដូច្នេះ៕