ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើការដោះដូរឈ្លើយសឹកមួយទៀតជាមួយអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ អំឡុងកិច្ចប្រជុំសន្តិភាពដោយផ្ទាល់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីខែមុន ។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃទី ៤ ខែកក្កដានេះ ដោយអនុលោមតាមកិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែមិថុនា មន្រ្តីយោធារុស្ស៊ីមួយក្រុមទៀត ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីដែនដីគ្រប់គ្រងដោយរបបក្រុងគីវ ។
ក្រោយមក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បញ្ជាក់ពីការដោះដូរឈ្លើយសឹកនេះ ដោយលោកនិយាយថា ភាគច្រើននៃសមាជិកយោធាអ៊ុយក្រែន បាននៅក្រោមការឃុំឃាំងរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២រហូតមក ។
លោក Zelensky បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការដោះដូរនេះ គួរតែបន្តធ្វើ ហើយលោកសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលធ្វើឲ្យការដោះដូរឈ្លើយសឹកនេះ កើតឡើង ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានភាគីណាមួយ បានប្រកាសឲ្យដឹងពីចំនួនឈ្លើយសឹកដែលត្រូវបានដោះដូរនោះឡើយ ៕