ព្រះវិហារ ៖ ប្រតិភូសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដឹកនាំសមាជិករបស់សមាគម នាំយកអំណោយសន្ធឹកសន្ធាប់ គិតជាទឹកប្រាក់សរុប ប្រមាណជាង ១០០ លានរៀល ចែកជូនកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារព្រំដែន និងប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះ អាសន្ន នៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ ដើម។
លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥, បានដឹកនាំសមាជិក- សមាជិការរបស់សមាគម ដោយនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន គិតជាទឹកប្រាក់សរុប ប្រមាណជាង ១០០ លានរៀល ជូនដល់វីរៈកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស, គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤, កងកម្លាំងទីទួលសុវត្ថិភាព និងខេត្ត និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ ដើម។
នៅក្នុងការសំណេះសំណាលជាមួយកងកំលាំង, លោកស្រី បានសម្ដែងនូវសេចក្ដីគោរពស្រឡាញ់ គាំទ្រ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបផ្ទាល់ជាមួយវីរៈកងទ័ពប្រចាំទិសជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន នៅ តាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងកងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្តិសុខរបស់ប្រទេស ជាតិទាំងមូល។
ចំណែកការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋនៅវត្តពោធិ៍ ៥០០០ដើម, លោកស្រី នាង សុវណ្ណារី ក៏បាន ផ្តាំផ្ញើដល់ប្រជាពលររដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន សូមថែទាំសុខភាពឱ្យបានល្អ ដើម្បីចៀសវាងការឈឺស្កាត់ ផ្សេងៗ ក្នុងនោះអ្វីដែលជាពិសេស ការសម្រេចចិត្តចាកចេញពីតំបន់ប្រឈមនៅតាមព្រំដែនកម្ពុជា-ថៃ របស់បងប្អូននាពេលនេះ គឺជា ការលះបង់ដ៏ធំធេង និងជាកម្លាំងដ៏មុតមាំមួយ នៃការចូលរួមលើកទឹកចិត្ត និងការគាំទ្រដល់វីរៈកងទ័ព នៅក្នុងភារៈកិច្ចការពារ បូរណៈភាពទឹកដី៕
អត្ថបទ៖ សុន រ៉ាឌី











