ក្រុមត្រួតពិនិត្យមកពីក្រុមឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ បានចាកចេញពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារមួយនេះ ក្រោយជម្លោះរយៈពេល ១២ថ្ងៃ ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xនាថ្ងៃសុក្រនេះថា បុគ្គលិករបស់ពួកគេ វិលត្រឡប់មកកាន់ទីស្នាក់ការកណ្តាលវិញហើយនៅទីក្រុងវិយែន ប្រទេសអូទ្រីស ។
សេចក្តីថ្លែងការណ៍បន្តថា អគ្គនាយក IAEAលោក Rafael Grossi បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមកិច្ចប្រជុំជាមួយអ៊ីរ៉ង់ ដើម្បីធានាដល់ការតាមដានរបស់ពួកគេ ហើយនិងការងារផ្ទៀងផ្ទាត់ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
គួរឲ្យដឹងថា ក្រុមត្រួតពិនិតនុយក្លេអ៊ែរ បានស្នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ពេញមួយសង្រ្គាមកាលពីពេលកន្លងទៅ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៣ ខែមិថុនា ពេលដែលអ៊ីស្រាអែល បើការវាយប្រហារតាមច្រកអាកាសដោយមានគោលដៅលើទីតាំងយោធាអ៊ីរ៉ង់ និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយចំនួនរបស់ពួកគេ រួមទាំងក្រុមអ្នកវិទ្យាសាស្រ្ត និងជនស៊ីវិលផងដែរ ។
ក្រោយមក សហរដ្ឋអាមេរិកបានជាប់ពាក់ព័ន្ធនឹងជម្លោះមួយនេះ ដោយបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ គឺជាបេសកកម្មមួយដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump អះអាងពីដំណើរថយក្រោយនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ៕