ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងគុណភាព នៃកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធផ្នែកអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Wu Yong (វ៉ូ យ៉ុង) ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ផ្ដោតសំខាន់លើការពង្រឹងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍ចំពោះក្រុមហ៊ុន Henan Lianfei ដែលគ្រោងបញ្ជូនគ្រូជំនាញភាសាចិនមកជួយបណ្ដុះបណ្ដាលសិក្ខាកាមនៅកម្ពុជា ដើម្បីឱ្យមានចំណេះដឹងខាងភាសាចិនបន្ថែមលើមុខវិជ្ជាស្នូលរបស់សិក្ខាកាម សម្រាប់ប្រាស្រ័យទាក់ទងជាមួយនិយោជកចិន។
លោក វ៉ូ យ៉ុង បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាព ដែលទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្រៀនភាសាចិន និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដទៃទៀតដល់សិក្ខាកាមនៅកម្ពុជា។ លោកបន្តថា ក្រុមហ៊ុនមានបទពិសោធគ្រប់គ្រាន់ ដើម្បីចែករំលែកចំណេះដឹងទាក់ទងភាសាចិន ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងគំនិតច្នៃប្រឌិតថ្មីៗផ្សេងទៀតឱ្យស្របទៅតាមបរិបទសកលលោកបច្ចុបុ្បន្ន៕
អត្ថបទ៖ ឈិត បូរ៉ាវី









