កណ្ដាល ៖ ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីអាជ្ញាធរ ភូមិ ឃុំ បានសហការគ្នាបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥នេះ ដើម្បីដោះស្រាយបញ្ហានានា តាមរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយបានលើកឡើងថា ការបើកវេទិការឆ្នាំទី១ នៃអាណត្តិទី៤ ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលស្រុកកៀនស្វាយ សហការជាមួយមន្រ្តីមូលដ្ឋាន ភូមិ ឃុំ រួមគ្នាដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋបាន ១៧ ករណី ក្នុងចំណោម ២២ សំណូមពរ របស់បងប្រជាពលរដ្ឋស្នើមកកាន់ក្រុមប្រឹក្សាស្រុកកៀនស្វាយ ។ លោកបានបន្តថា សម្រាប់ការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥នេះ មាន១៥ ករណី ដែលមានពលរដ្ឋបានសំណើមករដ្ឋបាលស្រុកកៀនស្វាយ ហើយចំពោះករណីមួយចំនួនដែលអាចដោះស្រាយបាន គឺលោកដោះស្រាយនៅកន្លែងវេទិការតែម្តង រាល់ការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ មានបញ្ហាមិនអាចដោះស្រាយបាន គឺយកមកពិគ្រោះជាមួយគណៈអភិបាលស្រុក និងគណៈអភិបាលខេត្ត ជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្ត ឧ្យមានតម្លាភាព និងយុត្តិធម៌ នៅក្នុងមូលដ្ឋាន។
ចំណែក លោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយបានញ្ជាក់ថា រាល់ការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋាបាលស្រុកកៀនស្វាយ ទទួលសំណើមកដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ ជាទូទៅមានដូចជា (ការដាក់ស្តុបច្រកចេញចូលសាលាបឋមសិក្សាគគី គ្រៀងញៀន ក្មេងទំនើង ការស្នើធ្វើបណ្ណកម្មសិទ្ធិដីធ្លី ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ដាក់អំពូលភ្លើងតាមដងផ្លូវ តបណ្ដាញទឹកស្អាត និងដាក់ប្រព័ន្ធលូជាដើម។
លោក ស៊ុម ធន បន្ថែមថា បច្ចុប្បន្ននេះ រដ្ឋបាលស្រុកកៀនស្វាយ និងគណៈអភិបាលខេត្ត បាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋហើយ និងខិតខំឱ្យមានប្រសិទ្ធភា ក្នុងនាមជាតំណាងសាធារណៈ ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ។ លោក ស៊ុម ធន ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ និងអជ្ញធរមូលដ្ឋាន ភូមិ ឃុំ ត្រូវចេះសហការគ្នា ដោះស្រាយបញ្ហា ឧ្យមានភាពយុត្តិធម៌ក្នុងមូលដ្ឋាន ហើយបើមានបញ្ហាករណីលើសពីដែនសមត្ថិកិច្ចរបស់ខ្លួន ត្រូវបញ្ជូនមករដ្ឋបាលស្រុក និងខេត្ត ហើយសូមឧ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល។ អត្ថបទ ៖ ពៅយី




