
អាជ្ញាធរតំបន់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យមានទឹកជំនន់ដ៏គំហុកនៅតាមដងទន្លេ Guadalupe នៅភាគអាគ្នេយ៍រដ្ឋតិចសាស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣ នាក់ស្លាប់ ហើយក្មេងស្រីជាង២០នាក់កំពុងបាត់ខ្លួនពីជំរំរដូវក្តៅនៅមាត់ទន្លេ។
អង្គភាពសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានប្រកាសអាសន្នទឹកជំនន់ដ៏គំហុកសម្រាប់ផ្នែកជាច្រើននៃតំបន់ Kerr ជាតំបន់មានចម្ងាយប្រហែល១០៥គីឡូម៉ែត្រភាគពាយព្យទីក្រុង San Antonio ។ ការប្រកាសអាសន្នធ្វើឡើងបន្ទាប់ពីមានផ្គររន្ទះនាំមកនូវកម្រិតទឹកភ្លៀងរហូតដល់ ៣០ សង់ទីម៉ែត្រ។

លោក Larry Leitha មន្ត្រីតំបន់ Kerr បានប្រាប់អ្នកសារព័ត៌មានថា មនុស្ស១៣នាក់ត្រូវបានគេរកឃើញថាបានស្លាប់ដោយសារទឹកជំនន់នៅក្នុងតំបន់នេះ ដោយលោកបាននិយាយបន្ថែមថា «ខ្ញុំគិតថា នឹងមានអ្នកស្លាប់ច្រើនបន្ថែមទៀតនៅពេលដែលហេតុការណ៍នេះបានបញ្ចប់»។
អភិបាលរដ្ឋតិចសាស់ លោក Dan Patrick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សាកសពមនុស្សធំ និងកុមារពី៦ទៅ១០នាក់ត្រូវបានគេរកឃើញ ហើយមួយចំនួននៅក្នុងរថយន្តត្រូវបានទឹកហូរនាំ។
លោកនិយាយថា អាជ្ញាធរកំពុងស្វែងរកក្មេងស្រី២៣នាក់ទៀតដែលត្រូវបានចុះក្នុងបញ្ជីថានៅបាត់ខ្លួនក្នុងចំណោមកុមារជាង៧០០នាក់នៅកន្លែងបោះជំរំរដូវក្តៅមួយកន្លែងនៅជិតច្រាំងទន្លេ Guadalupe នៅពេលដែលទីតាំងនេះត្រូវបានជន់លិចដោយទឹកជំនន់។