
ទីក្រុងញូវឌេលី បានស្នើឡើងនូវពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកនៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយនិយាយថា ការដំឡើងពន្ធ២៥ភាគរយរបស់ទីក្រុងវ៉ាស៊ីនតោនលើរថយន្ត និងគ្រឿងបន្លាស់រថយន្តមួយចំនួន នឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសឥណ្ឌាចំនួន២,៨៩ពាន់លានដុល្លារ នេះបើយោងតាមការជូនដំណឹងជាផ្លូវការ។

យោងតាមការជូនដំណឹងបានឲ្យដឹងថា ពន្ធដែលអាមេរិកប្រមូលបាននឹងមានចំនួនដល់ទៅ៧២៥លានដុល្លារអាមេរិក ហើយទីក្រុងញូវឌេលី នឹងដាក់ «ចំនួនស្មើនឹងពន្ធដែលប្រមូលបានពីផលិតផល មានប្រភពដើមនៅសហរដ្ឋអាមេរិក»។ ប្រទេសឥណ្ឌា មិនបានបញ្ជាក់ច្បាស់ពីអត្រាដំឡើងពន្ធ ឬទំនិញណាខ្លះដែលខ្លួននឹងយកពន្ធនោះទេ។
ឥណ្ឌា កំពុងព្យាយាមដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលថ្ងៃផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា ដែលកំណត់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្ទាប់ពី លោកបានគំរាមដំឡើងពន្ធ២៦ភាគរយលើទំនិញនាំចូលពីប្រទេសឥណ្ឌាទាំងអស់។
ឥណ្ឌា បានបង្ហាញសញ្ញាថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការកាត់បន្ថយអត្រាពន្ធសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែមិនយល់ព្រមចំពោះការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការបើកចំហវិស័យកសិកម្ម និងទឹកដោះគោនោះទេ។