ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានឆ្លើយតបកាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ក្នុង «ស្មារតីវិជ្ជមាន» ទៅនឹងសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ហើយបានត្រៀមខ្លួនដើម្បីចូលរួមក្នុងការចរចាស្តីពីការអនុវត្តកិច្ចព្រមព្រៀងដែលរំពឹងទុកចំពោះការដោះលែងចំណាប់ថ្នូរ និងការចរចាស្តីពីការបញ្ចប់ជម្លោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាស «សំណើចុងក្រោយ» សម្រាប់បទឈប់បាញ់រយៈពេល៦០ថ្ងៃនៅក្នុងសង្គ្រាមជិត២១ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយនិយាយថាលោករំពឹងថានឹងមានការឆ្លើយតបពីភាគីនានានៅប៉ុន្មានម៉ោងខាងមុខនេះ។
ក្រុមហាម៉ាស បានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា «ចលនាក្រុមហាម៉ាស បានបញ្ចប់ការពិភាក្សាផ្ទៃក្នុងរបស់ខ្លួន ព្រមទាំងកិច្ចពិភាក្សាជាមួយភាគីនិងកងកម្លាំងប៉ាឡេស្ទីន ទាក់ទងនឹងសំណើចុងក្រោយបំផុតធ្វើឡើងដោយអ្នកសម្របសម្រួលដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំងប្រជាជននៅតំបន់ហ្កាហ្សា។
សេចក្តីថ្លែងការណ៍បាននិយាយថា «ចលនានេះ បានផ្តល់នូវការឆ្លើយតបរបស់ខ្លួនចំពោះអ្នកសម្របសម្រួលជាបងប្អូន ដែលត្រូវបានកំណត់លក្ខណៈដោយស្មារតីវិជ្ជមាន។ ក្រុមហាម៉ាស បានត្រៀមខ្លួនយ៉ាងពេញលេញដោយភាពហ្មត់ចត់ ដើម្បីចូលទៅក្នុងការចរចាជុំថ្មីភ្លាមៗអំពីយន្តការសម្រាប់ការអនុវត្តក្របខ័ណ្ឌនេះ»។ លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានយល់ព្រម «ចំពោះលក្ខខណ្ឌចាំបាច់នានាដើម្បីបញ្ចប់ចុងក្រោយ» សម្រាប់បទឈប់បាញ់រយៈពេល៦០ថ្ងៃ ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានធ្វើឡើងដើម្បីបញ្ចប់សង្រ្គាមរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។