លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ (ទី៤ ខែកក្កដា) បាននិយាយថា វាជារឿងល្អដែលក្រុមហាម៉ាស បាននិយាយថា ខ្លួនបានឆ្លើយតបក្នុង «ស្មារតីវិជ្ជមាន» ចំពោះសំណើបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា អាចមានកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សា នាសប្តាហ៍ក្រោយ ប៉ុន្តែថា លោកមិនត្រូវបានគេប្រាប់ឲ្យដឹង អំពីស្ថានភាពនៃការចរចាបច្ចុប្បន្ននោះទេ។
ខណៈដែលក្រុមហាម៉ាសបានប្រាប់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមការចរចា «ភ្លាមៗ» ជុំវិញសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក លោកបាននិយាយទៅកាន់អ្នកយកព័ត៌មានថា៖ «យើងត្រូវធ្វើអ្វីមួយ អំពីតំបន់ហ្កាហ្សា ពោលគឺយើងកំពុងបញ្ជូនប្រាក់ជាច្រើន និងជំនួយជាច្រើន»។
ការប្រកាសនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
គួរបញ្ជាក់ថា ជម្លោះ នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមជាមួយនឹងការវាយប្រហារមិនធ្លាប់មានពីមុនរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ដែលបានបង្កឲ្យមានការវាយលុកដ៏ធំរបស់អ៊ីស្រាអែល ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស និងនាំយកចំណាប់ថ្នូរទាំងអស់ដែលត្រូវបានចាប់ ឲ្យវិលមកផ្ទះសម្បែងវិញ៕