ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី៤ ខែកក្កដា) បាននិយាយថា លោកបានចុះហត្ថលេខាលើលិខិតពាណិជ្ជកម្មចំនួន ១២ច្បាប់ ដែលនឹងផ្ញើចេញនៅសប្តាហ៍ក្រោយ មុនពេលកាលកំណត់វិធានការពន្ធរបស់លោកដែលជិតមកដល់ ចូលជាធរមាន។
ដោយអមការបន្ថែមថា ប្រទេសដែលត្រូវទទួលលិខិត ត្រូវប្រកាសនៅថ្ងៃដដែលនោះ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ខ្ញុំបានចុះហត្ថលេខាលើលិខិតមួយចំនួន ហើយសំបុត្រនឹងត្រូវផ្ញើចេញនៅថ្ងៃចន្ទ ដោយមានប្រហែលជា ១២ច្បាប់»។
ការលើកឡើងរបស់លោកកើតមានក្រោយប៉ុន្មានថ្ងៃមុនពេលកាតព្វកិច្ចពន្ធដ៏តឹងរ៉ឹង ដែលលោកប្រធានាធិបតី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នឹងមានចន្លោះពី ១០ ទៅ ៧០ភាគរយ គ្រោងមានប្រសិទ្ធភាពលើដៃគូពាណិជ្ជកម្មរាប់សិប រាប់ចាប់ពីកោះតៃវ៉ាន់ រហូតដល់សហភាពអឺរ៉ុប។
វិធានការដំឡើងពន្ធនេះ គឺជាផ្នែកមួយនៃការប្រកាសយ៉ាងទូលំទូលាយ កាលពីខែមេសា ដែលលោក Trump បានដាក់កាតព្វកិច្ចពន្ធ ១០ភាគរយលើទំនិញពីដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់ ដោយមានផែនដំឡើងកម្រិតកាន់តែខ្ពស់ ចំពោះប្រទេសជាក់លាក់មួយចំនួន ក្នុងរង្វង់រយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ប៉ុន្តែលោកបានផ្អាកយ៉ាងឆាប់រហ័សនូវការដំឡើងនេះ រហូតដល់ថ្ងៃទី៩ ខែកក្កដា ដែលអនុញ្ញាតឲ្យមានការចរចាពាណិជ្ជកម្ម។ ប្រទេសនានា បាននិងកំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងដែលនឹងជួយឲ្យពួកគេចៀសផុតពីកាតព្វកិច្ចបង់ពន្ធធ្ងន់ធ្ងរទាំងនេះ៕