សៀមរាប៖ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំ ជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុកដែលបានរៀបចំឡើង តាមស្ថានភាពជាក់ស្តែង ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ បង្កឡើងដោយរុក្ខជាតិទាំងនោះ។
លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងកាលពីថ្ងៃទី ៣ខែមករាឆ្នាំ២០២២នេះថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់លឿន ដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ក្នុងការកាត់សម្អាតជាប្រចាំ ពោលគឺក្នុងរយៈពេល១ខែកន្លះ ឬ២ខែ ត្រូវមកកាត់សម្អាតម្តង មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះ នៅពេលរុក្ខជាតិដុះកាន់តែធំ។
ក្នុងចំណោមដើមឈើទាំងនោះមានដើមពោធិ៍ ដើមជ្រៃ បានបង្ករហានីភ័យខ្លាំងទៅលើប្រាង្គប្រាសាទព្រោះពួកសត្វវាបានស៊ីផ្លែឈើ ហើយពាំគ្រាប់ទៅទុកលើប្រាសាទធ្វើអោយគ្រាប់នោះដុះលូតលាស់លឿនទើបបង្ករហានីភ័យ។ជាពិសេសខ្យល់បក់ នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិ មកធ្វើជាចំណីរអាហារជាប្រចាំ៕








