ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី៤ ខែកក្កដា) បានឲ្យដឹងថា អ៊ីរ៉ង់មិនបានយល់ព្រមឲ្យមានការត្រួតពិនិត្យ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬបោះបង់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះឡើយ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា លោកជឿថា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ត្រូវបានពន្យារពេលអចិន្ត្រៃយ៍ហើយ ទោះបីជាអ៊ីរ៉ង់អាចចាប់ផ្តើមវាឡើងវិញនៅទីតាំងផ្សេងក៏ដោយ។ លោកបាននិយាយថា លោកនឹងពិភាក្សាពីបញ្ហាអ៊ីរ៉ង់ ជាមួយលោក Benjamin Netanyahu នៅពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទស្សនកិច្ចនៅសេតវិមាន នាថ្ងៃចន្ទសប្ដាហ៍ក្រោយ។
នៅពេលលោកធ្វើដំណើរទៅរដ្ឋ New Jersey បន្ទាប់ពីការប្រារព្ធបុណ្យឯករាជ្យ នៅឯសេតវិមាន លោក Trump បានបញ្ជាក់ថា៖ «ខ្ញុំនឹងនិយាយថា វា (កម្មវិធីនុយក្លេអ៊ែរ) ត្រូវបានពន្យារពេលអចិន្ត្រៃយ៍ហើយ។ ខ្ញុំនឹងគិតថា ពួកគេនឹងត្រូវចាប់ផ្តើមនៅទីតាំងផ្សេង។ ហើយប្រសិនបើពួកគេពិតជាបានចាប់ផ្តើម វានឹងមានបញ្ហា»។
លោក Trump បានសង្កត់ធ្ងន់ថា លោកនឹងមិនអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ ចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញជាដាច់ខាត ដោយបន្ថែមថា អ៊ីរ៉ង់ចង់ជួបជាមួយលោក។
ក្រុមអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានដកមន្ត្រីអធិការកិច្ចចុងក្រោយរបស់ខ្លួនចេញពីអ៊ីរ៉ង់ហើយ ខណៈដែលការប្រឈមមុខដាក់គ្នា មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ពាក់ព័ន្ធនឹងការវិលត្រលប់របស់មន្ត្រីទាំងនោះទៅកាន់រោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះដែលត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕