រដ្ឋាភិបាលជប៉ុន នៅថ្ងៃសៅរ៍ (ទី៥ ខែកក្កដា) បានព្រមានអំពីលទ្ធភាពនៃការមានរញ្ជួយដីខ្លាំង នៅក្នុងដែនទឹកភាគនិរតីនៃប្រជុំកោះសំខាន់ៗរបស់ខ្លួន ប៉ុន្តែបានជំរុញសាធារណជនកុំឲ្យជឿការព្យាករគ្មានមូលដ្ឋាន អំពីគ្រោះមហន្តរាយដ៏ធំធេង។
កាលពីថ្ងៃសុក្រ អាជ្ញាធរបានជម្លៀសអ្នកស្រុកមួយចំនួនពីបណ្ដុំកោះដាច់ស្រយាល នៅជិតចំណុចកណ្តាលនៃរញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រ នៅម្ដុំចុងភាគខាងត្បូងនៃកោះដ៏សំខាន់ Kyushu។
ការរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍ ដែលមានកម្លាំងខ្លាំងគ្រប់គ្រាន់ ក្នុងការធ្វើឲ្យពិបាកឈរ គឺជាមួយក្នុងចំណោមការរញ្ជួយជាង ១.០០០លើក នៅបណ្ដុំកោះនៃខេត្ត Kagoshima ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ដោយបានជំរុញឲ្យមានពាក្យចចាមអារ៉ាមចេញពីសៀវភៅកំប្លែងដែលព្យាករថា គ្រោះមហន្តរាយដ៏ធំមួយ នឹងកើតមានឡើងនៅក្នុងប្រទេសខែនេះ។
បន្ទាប់ពីមានរញ្ជួយដីថ្មីកម្រិត ៥,៤រ៉ិចទ័រ អង្រួនតំបន់នេះ នៅថ្ងៃសៅរ៍នេះ នាយកផ្នែកតាមដានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៃទីភ្នាក់ងារឧតុនិយមជប៉ុន លោក Ayataka Ebita បាននិយាយថា៖ «ជាមួយនឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្របច្ចុប្បន្នរបស់យើង វាគឺជារឿងពិបាក ក្នុងការទស្សន៍ទាយពីពេលវេលា ទីកន្លែង ឬទំហំពិតប្រាកដនៃការរញ្ជួយដី»។
តែយ៉ាងណាក្ដី លោក Ebita បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងសុំឲ្យប្រជាជនផ្អែកលើការយល់ដឹងរបស់ពួកគេ ដែលឈរលើភស្តុតាងវិទ្យាសាស្ត្រ»។
គួរបញ្ជាក់ថា ការរញ្ជួយដី គឺជារឿងធម្មតាទៅហើយ នៅក្នុងប្រទេសជប៉ុន ដែលជាទីកន្លែងងាយមានរញ្ជួយដីបំផុតរបស់ពិភពលោក។ វាមានប្រហែល ១ភាគ៥នៃរញ្ជួយដីនៅលើពិភពលោក ដោយមានកម្រិត ៦រ៉ិចទ័រ ឬខ្ពស់ជាងនោះ៕