ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ (ទី៤ ខែកក្កដា) ថា លោកនឹងចាប់ផ្តើមពិភាក្សាជាមួយប្រទេសចិន នៅថ្ងៃទី៧ ខែកក្កដា ឬថ្ងៃទី៨ ខែកក្កដា អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងបណ្ដាញសង្គម TikTok។
លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកស្ទើរតែមានកិច្ចព្រមព្រៀងលក់កម្មវិធីវីដេអូខ្លីៗ TikTok ហើយ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ខ្ញុំគិតថា នៅថ្ងៃចន្ទ ឬអង្គារ យើងនឹងចាប់ផ្តើមពិភាក្សាជាមួយប្រទេសចិន ប្រហែលជាមួយលោកប្រធានាធិបតី Xi (Jinping) ឬតំណាងណាម្នាក់របស់លោក ប៉ុន្តែយើងនឹង ឬយើងស្ទើរតែមានកិច្ចព្រមព្រៀងហើយ»។
គួរបញ្ជាក់ថា កាលពីខែមុន លោក Trump បានពន្យារពេលដល់ថ្ងៃទី១៧ ខែកញ្ញា ជាថ្ងៃផុតកំណត់ ដើម្បីឲ្យក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន លក់ប្រតិបត្តិការរបស់បណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក៕