តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គម យោធាអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងពិសេសរបស់អ៊ុយក្រែន បានវាយប្រហារលើអាកាសយានដ្ឋានយោធា Borisoglebsk របស់រុស្ស៊ី នៅក្នុងតំបន់ Voronezh នៅថ្ងៃសៅរ៍ (ទី៥ ខែកក្កដា) នេះ ដោយបានវាយប្រហារត្រូវកន្លែងស្តុកគ្រាប់បែករេរកគោលដៅ និងយន្តហោះហ្វឹកហ្វឺន ១គ្រឿង។
ជាមួយគ្នានេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតឲ្យបានច្បាស់លាស់ យោធាបានឲ្យដឹងទៀតថា យន្តហោះផ្សេងទៀត ក៏ទំនងជារងការវាយប្រហារដែរ។ ហើយតាមរយៈសេចក្តីថ្លែងការណ៍នោះ យោធាបានបញ្ជាក់ថា៖ «អាកាសយានដ្ឋាននេះ ជាមូលដ្ឋានរបស់យន្តហោះសត្រូវ គឺ Su-34, Su-35S និង Su-30SM»។
ចំណែកអភិបាលក្រុង Voronezh លោក Alexander Gusev បានសរសេរនៅលើបណ្ដាញ Telegram ថាយានដ្រូនជាង ២៥គ្រឿង ត្រូវបានបំផ្លាញពេញមួយយប់។ ហើយលោកបានប្រាប់ទៀតថា បណ្ដាញថាមពលមួយ ត្រូវបានខូចខាតជាបណ្ដោះអាសន្ន ប៉ុន្តែមិនបាននិយាយពាក់ព័ន្ធដល់អាកាសយានដ្ឋានយោធានោះទេ៕