កិច្ចប្រជុំរបស់បណ្ដាមេដឹកនាំនៃក្រុមប្រទេស BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) ត្រូវបានគេរំពឹងថា នឹងមានការប្រកាសរិះគន់គោលនយោបាយពាណិជ្ជកម្មដ៏តឹងរ៉ឹងរបស់លោក Donald Trump ប៉ុន្តែជួបការលំបាក ក្នុងការជម្នះលើការខ្វែងគំនិតគ្នា ជុំវិញវិបត្តិដែលកំពុងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា។
បើយោងតាមប្រភពដែលដឹងពីការពិភាក្សានៃកិច្ចប្រជុំកំពូលនេះ បានប្រាប់ថា ប្រទេសកំពុងរីកចម្រើនទាំងនេះ ដែលតំណាងឲ្យប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និង ៤០ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក ត្រៀមមានការឯកភាពគ្នា ជុំវិញអ្វីដែលពួកគេមើលឃើញថា ជាវិធានការពន្ធនាំចូលមិនយុត្តិធម៌របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានគំរាមទាំងសម្ព័ន្ធមិត្ត និងគូប្រជែង ដោយការដាក់ពន្ធយ៉ាងតឹងរ៉ឹង។ ចំណាត់ការចុងក្រោយបង្អស់របស់លោក កើតមានក្នុងទម្រង់ជាលិខិតដែលគ្រោងនឹងផ្ញើចេញចាប់ពីថ្ងៃសុក្រ ដើម្បីជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម អំពីអត្រាពន្ធថ្មីដែលរំពឹងទុកត្រូវអនុវត្តនៅសប្តាហ៍ក្រោយថ្ងៃទី៩ ខែកក្កដា។
អ្នកការទូតមកពីប្រទេសកំពុងរីកចម្រើនចំនួន ១១ ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានកំពុងមមាញឹករៀបចំសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ថ្កោលទោសភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចនេះ។ សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលចុងក្រោយណាមួយ មិនត្រូវបានគេរំពឹងថា នឹងសំដៅដល់សហរដ្ឋអាមេរិក ឬប្រធានាធិបតីរបស់ប្រទេស ដោយការដាក់ឈ្មោះចំៗនោះឡើយ។ ប៉ុន្តែគេរំពឹងថា នឹងជាការរិះគន់ខាងនយោបាយយ៉ាងច្បាស់លាស់ដែលសំដៅទៅទីក្រុងវ៉ាស៊ីនតោន៕