ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅកណ្តាលរដ្ឋតិចសាស់(Texas)សហរដ្ឋអាមេរិក បន្ទាប់ពីចំនួនអ្នកស្លាប់ពីគ្រោះទឹកជំនន់ដ៏គំហុកបានកើនឡើងដល់ ៥០ នាក់ ក្នុងនោះមានកុមារ ១៥ នាក់ ស្របពេលកំពុងបន្តស្វែងរកក្មេងស្រីជាង២០នាក់ពីជំរំ។
លោក Larry Leitha ស្នងការស្រុក Kerr បានសន្យាថា ការងារនៅតែបន្ត ហើយនឹងបន្តរហូតដល់មនុស្សគ្រប់គ្នាត្រូវបានរកឃើញ។
ស្របពេលការស្វែងរកឈានចូលដល់យប់ទីពីរ មន្ត្រីស្រុកបាននិយាយថា កុមារចំនួន ២៧ នាក់នៅតែបាត់ខ្លួនពីជំរំយុវជន Christian youth camp ដែលស្ថិតនៅតាមដងទន្លេ។
ឪពុកម្តាយមួយចំនួនបានបញ្ជាក់ពីការស្លាប់របស់កូនរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មនុស្សប្រហែល ៨៥០ នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ។
ការព្រមានពីទឹកជំនន់ដ៏គំហុកនៅតែបន្តអនុវត្តចុងសប្តាហ៍នេះ នៅភាគកណ្តាលរដ្ឋតិចសាស់។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកសោកនាដកម្មដែលបានកើតឡើងចំទិវា ឯករាជ្យជាតិនេះថា ជារឿងគួរឲ្យតក់ស្លុត និងគួរឲ្យខ្លាច។ចំណែក អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយថា ក្រុមមន្ត្រីសហព័ន្ធបានសន្យាផ្តល់ជំនួយ៕