អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានប្តេជ្ញាសងសឹកលោក Donald Trump លុះត្រាតែអតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានកាត់ទោសដោយសារតែការសម្លាប់លោក Qassem Soleimani ខណៈដែលទីក្រុងតេអេរ៉ង់ប្រារព្ធខួប ២ឆ្នាំចាប់តាំងពីការស្លាប់របស់មេបញ្ជាការដ៏គួរឱ្យគោរពរូបនេះ។
សាធារណរដ្ឋឥស្លាម និងសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងមជ្ឈិមបូព៌ា បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ឧត្តមសេនីយ Soleimani និងអនុសេនីយ៍ឯកជនជាតិអ៊ីរ៉ាក់របស់លោកដែលត្រូវបានលោក Trump បញ្ជាឲ្យធ្វើឃាតក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានបាកដាដកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ សត្រូវនានារបស់ទីក្រុងតេអេរ៉ង់ត្រូវបានដាក់គោលដៅនៅថ្ងៃគម្រប់ខួប នៅក្នុងការវាយប្រហារដោយយានដ្រូនដែលពុំបានដឹងមុន និងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាដោយក្នុងនោះមានយានដ្រូនបំពាក់ដោយអាវុធចំនួន ២គ្រឿងត្រូវបានស្ទាក់វាយប្រហារដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់លើអាកាសយានដ្ឋានបាកដាដ ហើយក្រុមលួចព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យា បានវាយប្រហារលើទីតាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អ៊ីស្រាអែល។
លោក Soleimani បានដឹកនាំកងកម្លាំង Quds ដែលជាក្រុមប្រដាប់អាវុធប្រតិបត្តិការបរទេសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដោយមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ លីបង់ តំបន់ហ្គាហ្សា ស៊ីរី និងយេម៉ែន។ កងកម្លាំង Quds ត្រូវបានប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាត់ទុកថាជាអង្គការភេរវករ។ ថ្លែងសុន្ទរកថាទៅកាន់សាលអធិស្ឋានដ៏ធំបំផុតរបស់ទីក្រុងតេអេរ៉ង់ លោក Raisi បាននិយាយថា អ្នកឈ្លានពាន និងជាអ្នកធ្វើឃាតដ៏សំខាន់ ហើយប្រធានាធិបតីរបស់សហរដ្ឋអាមេរិករូបនេះត្រូវតែប្រឈមមុខនឹងយុត្តិធម៌ និងការសងសឹក រួមទាំងអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និងឧក្រិដ្ឋជនដទៃទៀត៕
អត្ថបទ៖ សុខមាន