អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយការកាយប្រព័ន្ធលូថ្មី ដាក់ជាច្រើនកន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀសការកក់ស្ទះប្រព័ន្ធលូទឹកស្អុយដោយសារមានទឹកភ្លៀងធ្លាក់មកម្តងៗក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតបណ្តាលឲ្យមានការកកើស្ទះ និងជនលិចក្រុងនោះ នាព្រឹកថ្ងៃទី៥ កក្កដា ឆ្នាំ២០២៥។
មន្រ្តីជំនាញ បានឲ្យដឹងថា ការកាយប្រព័ន្ធលូទឹកស្អុយជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត គឺដោយសារកន្លងមកនោះ នៅទីតាំងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងស្រុង តែងតែរងផលប៉ះពាល់ ដោយសារការកក់ស្ទះប្រព័ន្ធលូទឹកស្អុយបណ្តាលឲ្យមានការជនលិចជារៀងរាល់ពេល នៅគ្រប់ទីកន្លែងក្នុងក្រុង មើលឃើញពីបញ្ហាប្រឈមទាំងអស់នេះហើយ ទើបអាជ្ញាធរក្រុង និងសង្កាត់បានធ្វើការរុករកទីតាំងដែលមានបញ្ហាប្រឈមជាងគេ ដើម្បីធ្វើការកែសម្រួលប្រព័ន្ធលូទាំងនោះកុំឲ្យមានការកក់ស្ទះបន្តទៀតនៅពេលមានភ្លៀងធ្លាក់មកម្តងៗវាបណ្តាលឲ្យមានការជនលិចក្នុងមូលដ្ឋានក្រុងនោះ។
ជាមួយគ្នានោះដែរ មន្រ្តីជំនាញក៏បានអំពាវនាវស្មើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវទុកដាក់សំរាមឲ្យបានល្អប្រសើរកុំបោះចោលពាសវាលពាសកាលនាំឲ្យមានការកក់ស្ទះចូលក្នុងប្រព័ន្ធវាអាចបណ្តាលឲ្យមានការកក់ស្ទះជនលិចនៅពេលមានភ្លៀងមកម្តងៗ ហូរពុំរួចដោយសារតែកក់ស្ទះសំរាមនេះ។ បញ្ហាទាំងអស់នេះ ហើយយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបញ្ចៀសបាននូវការកក់ស្ទះប្រព័ន្ធលូទឹកក្នុងមូលដ្ឋានបានផងដែរ៕ ឃិនសារិទ្ធ



