យោងតាមតួលេខថ្មីពីក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៧០០នាក់ត្រូវបានសម្លាប់ក្នុងពេលព្យាយាមទទួលបានស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលជំរុញឱ្យមានការថ្កោលទោសជាថ្មីចំពោះគម្រោងជំនួយគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧៤៣ នាក់ត្រូវបានសម្លាប់ និងជាង ៤.៨០០ នាក់ផ្សេងទៀតបានរងរបួស ស្របពេលកំពុងស្វែងរកជំនួយនៅឯកន្លែងចែកចាយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ។
មូលនិធិមនុស្សធម៌ហ្កាហ្សា ដែលបានចាប់ផ្តើមប្រតិបត្តិការនៅតំបន់រងការឡោមព័ទ្ធប៉ាឡេស្ទីនដែលរងការទម្លាក់គ្រាប់បែកកាលពីចុងខែឧសភា បានទាក់ទាញការរិះគន់យ៉ាងទូលំទូលាយស្របពេលមានរបាយការណ៍ជាច្រើនថាក្រុមអ្នកម៉ៅការរបស់ខ្លួនក៏ដូចជាកងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើអ្នកស្វែងរកជំនួយ។

លោក Hani Mahmoud អ្នកសារព័ត៌មាន Al Jazeera បាននិយាយអំពីតួលេខចុងក្រោយរបស់ក្រសួងថា នេះគឺជាសោកនាដកម្មដែលបានកើតឡើងជាថ្មីម្តងទៀតលើជនរងគ្រោះស្ថិតនៅចំណុចចែកចាយទាំងនេះអំឡុងរង់ចាំទទួលអាហារ៕