នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នឹងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃចន្ទទី៧កក្កដា ដោយក្រុមអ្នកវិភាគលើកឡើងថា ដំណើរទស្សនកិច្ចនេះ រំពឹងថានឹងផ្តោតលើការអបអរសាទរអ៊ីស្រាអែល និងជ័យជម្នះរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ និងពិភាក្សាអំពីសំណើសម្រាប់បទឈប់បាញ់ ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា។

នេះជាលើកទីបីហើយនៅឆ្នាំនេះ ហើយលោក Netanyahu នឹងជួបប្រធានាធិបតីអាមេរិក Donald Trump ដែលអះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានលុបចោល កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃ ហើយថាលោកនឹងបន្តទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះចាប់ផ្តើមសកម្មភាពនុយក្លេអ៊ែរឡើងវិញ។
កាលពីថ្ងៃសុក្រ បន្ទាប់ពីការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសំណើនេះ លោក Trump បាននិយាយថា អាចមាន កិច្ចព្រមព្រៀងមួយនៅសប្តាហ៍ក្រោយ ហើយបានសន្យាថានឹងធ្វើការជាមួយ លោក Netanyahu ដើម្បីធានាបាននូវបទឈប់បាញ់។
យោងតាមការលេចធ្លាយច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលទទួលបានដោយសារព័ត៌មាន Al Jazeera បទឈប់បាញ់នេះ រួមបញ្ចូលទាំងការផ្អាកប្រយុទ្ធរយៈពេល ៦០ ថ្ងៃ និងការដោះលែងជាដំណាក់កាលនៃចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៥៨ នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ ហ្កាហ្សាចាប់តាំងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣៕

