នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ៦ កក្កដា ថា លោកសង្ឃឹមថាកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីអាមេរិក Donald Trump អាចជួយជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីបានបញ្ជូនក្រុមអ្នកចរចាទៅកាន់ទីក្រុង ដូហា (Doha)ប្រទេសកាតា ដើម្បីពិភាក្សាដោយប្រយោលជាមួយក្រុមហាម៉ាស។

នៅក្រោមសម្ពាធកាន់តែខ្លាំងដើម្បីបញ្ចប់សង្រ្គាម ដែលឥឡូវនេះខិតជិតដល់ខែទី២២ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគ្រោងនឹងអង្គុយនៅថ្ងៃចន្ទជាមួយលោក Trump ដែលថ្មីៗនេះបានជំរុញជាថ្មីដើម្បីបញ្ចប់ការប្រយុទ្ធនេះ។
ថ្លែងមុនពេលឡើងយន្តហោះរដ្ឋរបស់អ៊ីស្រាអែល ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Netanyahu បាននិយាយថា ពួកលោកកំពុងធ្វើការដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដែលពួកលោកបានពិភាក្សា ក្រោមលក្ខខណ្ឌដែលបានយល់ព្រម។
លោកបានបន្ថែមថា លោកបានបញ្ជូនក្រុមការងារទៅកាន់ទីក្រុង Doha ដោយមានការណែនាំច្បាស់លាស់ ហើយបានគិតថា កិច្ចប្រជុំជាមួយលោក Trump ពិតជាអាចជួយជំរុញឱ្យសម្រេចបានដំណើរការនៃកិច្ចព្រមព្រៀង ដូចដែលពួកលោកលោកទាំងអស់គ្នាកំពុងសង្ឃឹម ។
លោក Netanyahu ធ្លាប់បាននិយាយថា ការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសេចក្តីព្រាងសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក គឺជាការទាមទារមិនអាចទទួលយកបាន៕

