ប្រភពប៉ាឡេស្ទីនចំនួនពីរដែលដឹងពីបញ្ហានេះបាននិយាយនៅព្រឹកព្រលឹមថ្ងៃចន្ទ (០៧ កក្កដា) នេះថា ការប្រជុំលើកដំបូងនៃកិច្ចចរចាបទឈប់បាញ់ដោយប្រយោលរបស់ពួកហាម៉ាស និងអ៊ីស្រាអែល នៅប្រទេសកាតា បានបញ្ចប់ទៅដោយពុំមានលទ្ធផលជាក់ស្ដែងនោះទេ ដោយបន្ថែមថា គណៈប្រតិភូអ៊ីស្រាអែល មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសឡើយ។

កិច្ចពិភាក្សាពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានបន្តកាលពីថ្ងៃអាទិត្យ (០៦ កក្កដា) មុនដំណើរទស្សនកិច្ចលើកទីបីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់សេតវិមាន ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានវិលត្រឡប់ទៅកាន់អំណាចជិត ៦ខែមុនមក។
ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា៖ "បន្ទាប់ពីសម័យប្រជុំដំបូងនៃការចរចាដោយប្រយោលនៅទីក្រុងដូហា គណៈប្រតិភូអ៊ីស្រាអែល មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសទេ ព្រោះគណៈប្រតិភូទាំងនោះពុំមានអំណាចពិតប្រាកដលើរឿងនេះ"។
មុនពេលចាកចេញទៅទីក្រុងវ៉ាស៊ីនតោន លោក Netanyahu បាននិយាយថា ក្រុមអ្នកចរចារបស់អ៊ីស្រាអែល ដែលចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ មានការណែនាំច្បាស់លាស់ណាស់ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ក្រោមលក្ខខណ្ឌដែលអ៊ីស្រាអែល បានទទួលយករួចមកហើយ៕

