អាមេរិក៖ គ្រូពេទ្យដែលចូលរួមក្នុងដំណើរការធ្វើតេស្តនៅវិមានកាពីតូលបាននិយាយកាលពីថ្ងៃចន្ទថា សភាសហរដ្ឋអាមេរិកកំពុងជួបប្រទះការកើនឡើងខ្ពស់នៃករណីឆ្លងវីរុស COVID-19 មិនធ្លាប់មានពីមុនមកដោយមានអត្រាវិជ្ជមានរយៈពេល ៧ថ្ងៃនៅកន្លែងធ្វើតេស្តសភាបានកើនឡើងដល់ ១៣% ពី ១% កាលពីចុងខែវិច្ឆិកា។

លោកវេជ្ជបណ្ឌិត Brian Monahan បានប្រាប់សមាជិកសភា និងបុគ្គលិកតាមលិខិតថ្ងៃទី៣ ខែមករាថា ការឆ្លងវីរុសកូរ៉ូណាភាគច្រើននៅវិមានកាពីតូល (Capitol Hill) បាននឹងកំពុងកើតឡើងក្នុងចំណោមអ្នកវ៉ាក់សាំងរួច ក្នុងនោះវីរុសបម្លែងខ្លួនថ្មី Omicron មានប្រហែល ៦១% និងវីរុសបម្លែងខ្លួនថ្មីប្រភេទ Delta ៣៨% ដោយផ្អែកលើសំណាកមានគិតត្រឹមថ្ងៃទី១៥ ខែធ្នូ។ ការកើនឡើងនេះបានកើតឡើង ខណៈដែលចំនួនករណីឆ្លងថ្មីនៃវីរុស COVID-19 ថ្មីនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ ជាមធ្យម ៤១៨,០០០នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមតួលេខរបស់សារព័ត៌មាន Reuters។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននឹងកំពុងជំរុញឱ្យពលរដ្ឋអាមេរិក ដែលទទួលវ៉ាក់សាំងបង្ការវីរុសរួចរាល់ទៅចាក់ដូសជំរុញបន្ថែមទៀត និងសម្រាប់អ្នកដែលមិនបានចាក់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះធ្ងន់ធ្ងរ និងស្លាប់ត្រូវតែចាក់វ៉ាក់សាំង។ ស្របពេលដែលវីរុសបម្លែងខ្លួនថ្មី Omicron បង្កឲ្យមានការចម្លងវីរុសកូរ៉ូណាដល់កម្រិតខ្ពស់បំផុតនៅសហរដ្ឋអាមេរិក សាលារៀនរាប់ពាន់ រួមទាំងនៅក្នុងទីក្រុងធំៗមួយចំនួនបានពន្យារពេលកំណត់ត្រឡប់ទៅថ្នាក់រៀនវិញ បន្ទាប់ពីសម្រាកវិស្សមកាល ឬប្តូរទៅការរៀនតាម Online៕
អត្ថបទ៖ សុខមាន