ប្រធានាធិបតីអាមរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (០៦ កក្កដា) បានរិះគន់ផែនការរបស់លោកមហាសេដ្ឋី Elon Musk ក្នុងការបង្កើតគណបក្សនយោបាយថ្មីមួយថាជារឿង "គួរឱ្យអស់សំណើចដ៏ឆោតល្ងង់" ដោយបើកសង្រ្គាមពាក្យសម្ដីថ្មីលើមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ហើយនិយាយថា សម្ព័ន្ធមិត្តរបស់លោក Musk ដែលដឹកនាំអង្គការណាសា នឹងកើតមានជម្លោះផលប្រយោជន៍។

រយៈពេលមួយថ្ងៃបន្ទាប់ពីលោក Musk បង្កើនជម្លោះជាមួយលោក Trump និងប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះបានឆ្លើយតបសំណួរអ្នកសារព័ត៌មានថា៖ "ការបង្កើតគណបក្សទីបីនោះជារឿងគួរឱ្យអស់សំណើច និងឆោតល្ងង់ណាស់។ បក្សសាធារណរដ្ឋកំពុងមានជោគជ័យដ៏ធំធេង ហើយបក្សប្រជាធិបតេយ្យកំពុងចាញ់ប្រៀប ប៉ុន្តែទោះយ៉ាងនេះក្ដី អាមេរិកមានតែប្រព័ន្ធពីរបក្សប៉ុណ្ណោះ ហើយការបង្កើតបក្សទីបី កាន់តែបន្ថែមភាពច្របូកច្របល់"។
លោក Musk បានប្រកាសកាលពីថ្ងៃសៅរ៍ថាលោកកំពុងបង្កើត "គណបក្សអាមេរិក" ថ្មីមួយដើម្បីឆ្លើយតបទៅនឹងច្បាប់កាត់ពន្ធនិងចំណាយរបស់លោក Trump ដែលលោក Musk ព្រមានថានឹងធ្វើឱ្យអាមេរិកក្ស័យធន។ មហាសេដ្ឋីរូបនេះលើកឡើងថា បក្សថ្មីរបស់លោកនឹងមានវត្តមានក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ ដើម្បីព្យាយាមទម្លាក់អាសនៈសភារបស់សមាជិកសភាបក្សសាធារណៈរដ្ឋដែលគាំទ្រច្បាប់ពន្ធដ៏ទូលំទូលាយដែលស្គាល់ថាជា "សំណើច្បាប់ដ៏ធំសម្បើម" របស់លោក Trump។
លោក Trump និយាយថាលោក Musk មិនសប្បាយចិត្ត ព្រោះវិធានការដែលលោក Trump បានចុះហត្ថលេខាឱ្យក្លាយជាច្បាប់ពេញលេញកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ បានដកហូតឥណទានថាមពលបៃតងសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla។ ប្រធានាធិបតីរូបនេះបានគំរាមដកប្រាក់រាប់ពាន់លានដុល្លារដែល Tesla និង SpaceX ទទួលបានក្នុងកិច្ចសន្យា និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងការរិះគន់របស់លោក Musk៕

