នៅថ្ងៃទី៧កក្កដានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀមផ្តល់វិញ្ញាបនប័ត្រដល់ប្រតិបត្តិករ និងដើម្បីត្រៀមលក្ខណៈដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះពិនិត្យវឌ្ឍនភាព នៃការកសាង អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅពេលនេះ គឺមានគោលបំណងសំខាន់ពីរ ក្នុងនោះគោលបំណងទី១គឺរៀបចំបំពេញបែបបទវិញ្ញាបនប័ត្រអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ជូនប្រតិបត្តិករ និងទី២គឺដើម្បីរៀបផែនការប្រុងប្រៀបជាស្រេចដើម្បីបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យបានមុនថ្ងៃប្រតិបត្តិការមកដល់។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណស្ទើ១០០%ហើយ ដែលអាកាសយានដ្ឋានមួយនេះ សាងសង់លើផ្ទៃដីសរុប ប្រមាណ ២,៦០០ហិចតា ជាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សាងសង់ដោយក្រុមហ៊ុន CAIC ដែលបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានតម្លៃសរុបប្រមាណ ១,៥០០លានដុល្លារ និងជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដែលអាចទទួលយន្តហោះធំៗគ្រប់ប្រភេទលើ ពិភពលោក។ សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយនឹងដាក់ សម្ពោធក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះដែរ៕ អត្ថបទ៖ គង់ រ៉េន









