ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ (០៦ កក្កដា) ថា ខ្លួនកំពុងដាក់កម្រិតលើការទិញឧបករណ៍វេជ្ជសាស្ត្ររបស់រដ្ឋាភិបាលពីសហភាពអឺរ៉ុប ដែលមានតម្លៃលើសពី ៤៥លានយ័ន ពោលគឺប្រមាណ ៦,៣ លានដុល្លារអាមេរិក ជាការសងសឹកទៅនឹងការទប់ស្កាត់របស់ទីក្រុងប្រ៊ុចសែល កាលពីខែមុន។

ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងប្រ៊ុចសែល បាននិងកំពុងកើនឡើងយ៉ាងខ្លាំង ដោយសហភាពអឺរ៉ុប បានដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន ហើយទីក្រុងប៉េកាំង បានបង្កើនពន្ធ លើម៉ាកយីហោនាំចូលពីប្លុកនេះ។
ប្លុកពអឺរ៉ុបបាននិយាយកាលពីខែមុនថា ខ្លួនកំពុងរារាំងក្រុមហ៊ុនចិន មិនឱ្យចូលរួមក្នុងការដេញថ្លៃជាសាធារណៈរបស់សហភាពអឺរ៉ុប សម្រាប់ឧបករណ៍វេជ្ជសាស្ត្រតម្លៃ ៦០ពាន់លានអឺរ៉ូ (៧០ ពាន់លានដុល្លារ) ឬច្រើនជាងនេះក្នុងមួយឆ្នាំ បន្ទាប់ពីបានសន្និដ្ឋានថា ក្រុមហ៊ុនរបស់សហភាពអឺរ៉ុប មិនត្រូវបានផ្តល់សិទ្ធិយុត្តិធម៌នៅប្រទេសចិន។
ជាការសងសឹកវិញ ក្រសួងហិរញ្ញវត្ថុទីក្រុងប៉េកាំងបាននិយាយថា ចិននឹងដាក់កម្រិតលើការនាំចូលឧបករណ៍វេជ្ជសាស្ត្រពីប្រទេសផ្សេងទៀត ដែលមានសមាសធាតុផលិតដោយសហភាពអឺរ៉ុប មានតម្លៃលើសពី ៥០% នៃតម្លៃកិច្ចសន្យា ហើយវិធានការនេះចូលជាធរមាននៅថ្ងៃអាទិត្យ ០៦ កក្កដា តទៅ៕

