សារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃអាទិត្យ (០៦ កក្កដា) ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា កម្មវិធីវីដេអូខ្លី TikTok កំពុងបង្កើតកំណែថ្មីនៃកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក មុនពេលការលក់កម្មវិធីដែលបានគ្រោងទុកទៅឱ្យក្រុមវិនិយោគិន។

សេចក្ដីរាយការណ៍នេះកើតឡើងនៅពេលប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន នៅថ្ងៃចន្ទ ឬថ្ងៃអង្គារសប្ដាហ៍នេះ ស្ដីពីលទ្ធភាពនៃកិច្ចព្រមព្រៀងលក់កម្មវិធី TikTok ខណៈភាគីអាមេរិក មានកិច្ចព្រមព្រៀងលក់ TikTok រួចហើយ។
របាយការណ៍និយាយថា TikTok បានបង្កើតផែនការមួយដើម្បីដាក់ឱ្យដំណើរការកម្មវិធីថ្មីទៅកាន់ប្រព័ន្ធទាញយកកម្មវិធីរបស់អាមេរិក នៅថ្ងៃទី០៥ ខែកញ្ញា ដោយមិនលម្អិតពីកំណែអេបថ្មីនោះទេ។ កាលពីខែមុន លោក Trump បានបន្ថែមពេលដល់ថ្ងៃទី១៧ ខែកញ្ញា ជាថ្ងៃផុតកំណត់សម្រាប់ក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅចិន ដើម្បីលក់ទ្រព្យសម្បត្តិ TikTok របស់អាមេរិក បើពុំនោះទេនឹងត្រូវប្រឈមនឹងការហាមឃាត់។
របាយការណ៍បន្ថែមថា អ្នកប្រើប្រាស់ TikTok នឹងត្រូវទាញយកកម្មវិធីថ្មីនោះដើម្បីអាចបន្តប្រើប្រាស់សេវាកម្មបាន បើទោះបីជាកម្មវិធី TikTok ដែលមានស្រាប់ នឹងនៅបន្តដំណើរការរហូតដល់ខែមីនាឆ្នាំក្រោយក៏ដោយ ខណៈពេលវេលានេះអាចផ្លាស់ប្តូរ។ TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយក៏ពុំមានការបញ្ជាក់ផ្លូវការលើពីរបាយការណ៍នេះដែរ៕

