ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារលំនៅដ្ឋានពហុជាន់មួយកន្លែងនៅទីក្រុងការ៉ាជី (Karachi) របស់ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ២៧នាក់ កាលពីថ្ងៃអាទិត្យ (០៦ កក្កដា) ខណៈប្រតិបត្តិការជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំរយៈពេល ៣ថ្ងៃបានបញ្ចប់។

លោកស្រី Summayya Tariq វេជ្ជបណ្ឌិតប្រចាំនគរបាលក្រុង Karachi បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១១នាក់បន្ថែមពីលើតួលេខអ្នកស្លាប់ពីមុន ចេញពីគំនរបាក់បែកនៃអគារដែលបានដួលរលំកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយមនុស្ស ១០នាក់បានរងរបួស ដោយម្នាក់ក្នុងចំណោមនោះ បានស្លាប់នៅមន្ទីរពេទ្យ។
អាជ្ញាធរនិយាយថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃការបាក់រលំនេះ។ ការដួលរលំអគារគឺជារឿងធម្មតាទៅហើយនៅប៉ាគីស្ថាន ដែលជារឿយៗស្តង់ដារសំណង់មិនត្រូវបានអនុវត្ត។ សំណង់ជាច្រើនត្រូវសាងសង់ឡើងជាមួយនឹងសម្ភារៈដែលមិនមានស្តង់ដារ ហើយបទប្បញ្ញត្តិសុវត្ថិភាព ជារឿយៗត្រូវបានមើលរំលងដើម្បីកាត់បន្ថយការចំណាយ៕


